កិច្ចប្រជុំពិភាក្សាការងាររវាង គ.ជ.ប.ជ និងក្រុមការងារនាយកដ្ឋានស៊ើបអង្កេតពិសេស(Department of Special Investigation) ហៅកាត់ថាDSI នៃក្រសួងយុត្តិធម៌របស់ថៃ

BY SOM SIVWIN

Published on 07 Jun, 2018

(អគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ​)៖​ នាព្រឹកថ្ងៃ​ច័ន្ទ​ ១​រោច​ ខែ​ពិសាខ​  ឆ្នាំ​ច​ សំរឹទ្ធិសក័​ ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី​៣០​ ខែ​មេសា ឆ្នាំ​២០១៨​ ​ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន​ គ.ជ.ប.ជ​ មានកិច្ចប្រជុំ​ពិភាក្សា​ការងារ​រវាង​គ.ជ.ប.ជ​ និង​ ក្រុមការងារនាយកដ្ឋានស៊ើបអង្កេតពិសេស(Department of Special Investigation) ហៅកាត់ថា DSI នៃក្រសួងយុត្តិធម៌របស់ថៃ​ ។  នៅក្នុងជំនួបពិភាក្សានេះដែរ​ មានការចូលរួមរបស់​ ឯ.ឧ​ លោកជំទាវ​ អគ្គលេខាធិការរង​ ប្រធាននាយកដ្ឋាន​ នៃ​គ.ជ.ប.ជ​ និង​ក្រុមការងារ​ DSI របស់ថៃ​។

គួររំលឹកផងដែរថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់នាយកដ្ឋានស៊ើបអង្កេតពិសេសនៅកម្ពុជានេះ ដើម្បីជួបពិភាក្សាការងារ និងសាកសួរពត៌មានបន្ថែមជាមួយអាជ្ញាធរកម្ពុជា រួមមាន មន្រ្តីរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ នគរបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនមានដូចជា ព្រះរាជអាជ្ញា មន្រ្តីសង្គមកិច្ច ដែលពាក់ព័ន្ធនិងសំណុំរឿងជូញដូរពលករនេសាទកម្ពុជា ដែលធ្វើការនៅលើទូកនេសាទថៃ។ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមការងារ DSI ថៃនេះមានបំណងស្វែងយល់ផងដែរអំពីស្ថានភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង DSI នៃក្រសួងយុត្តិធម៌ថៃ ជាមួយសមភាគីកម្ពុជាក្នុងវិស័យប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ បន្ទាប់ពីពិភាក្សាគ្នារួច​ តំណាង​DSIក៏បានអញ្ចើញជួប​សំណេះសំណាលសំដែងការគួរសម​ ជាមួយលោកជំទាវ​ ជូ​ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទែ​ និង​ជាអនុប្រធានអចិន្ត្រៃយ៍​  និងឯ.ឧ​ នាយឧត្តមសេនីយ៍​ ថោង​ សំអាត​ អគ្គលេខាធិការ​ គ.ជ.ប.ជ​ និងមាន​ជូនវត្ថុអនុស្សាវរីយ៍​ទៅវិញទៅមកប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលផងដែរ​ ៕


   

Official Telegram NCCT Cambodia