កិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុសុ្សខេត្តសៀមរាប ដឹកនាំដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ
BY SOM SIVWINPublished on 27 Jun, 2025
សៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក.ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប(គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមកិច្ចដឹកនាំរបស់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍គ.ខ.ប.ជ ទទួលបន្ទុកប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជាសមាជិក និងអង្គការដៃគូជាតិ អន្តរជាតិ សរុប ៦៤ស្រី៣៨ នាក់ នៅបន្ទប់ប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប ។
អង្គប្រជុំបានពិនិត្យលើរបាយការណ៍ប្រចាំខែមិថុនា ត្រីមាសទី២ និងប្រចាំឆមាសទី១ សេចក្តីរាយការណ៍លើបញ្ហាពាក់ព័ន្ធនានា និងការចូលរួមជាមតិយោបល់ លើការឆ្លុះបញ្ចាំងអំពីការសមិទ្ធផល បញ្ហាប្រឈម ការពិភាក្សារកដំណោះស្រាយរួមគ្នារវាងអ្នកពាក់ព័ន្ធដែលមានតួអង្គជាមន្រ្តីរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន និងអង្គការដៃគូសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការផ្តល់សេវាកម្មជូនដល់ជនរងគ្រោះ ជនងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ) រួមមាន៖ ១, បានបន្តពិនិត្យ និងពិភាក្សាលើបញ្ហាថៅកែខារ៉ាអូខេហ្លួង ដែលមិនទាន់បានបើកប្រាក់ឈ្មួល ជូនកម្មករនិយោជិត ដោយក្នុងនោះ( ១.ស្នងការដ្ឋាននគរបាលខេត្ត បានចុះពិនិត្យ ស្ថានភាពជាក់ស្តែង ឃើញថានៅបន្តដំណើរការជីវកម្ម តែមិនសូវមានភាពរលូន។ ២.មន្ទីរការងារ បានចុះអធិការកិច្ចពិសេសដល់កន្លែងអាជីវកម្ម ក្រោយមេធាវី និងម្ខាស់អាជីវកម្ម ធ្វើការពន្យាពេល និងមិនព្រមដោះស្រាយប្រាក់ឈ្នួលជូនដល់កម្មករនិយោជិត ទាំង១៥នាក់។ បន្ថែមពីនោះ មន្ទីរការងារបានដាក់កំហិតដល់ថៅកែដោយទុករយៈពេល១៥ថ្ងៃ សម្រាប់បើកប្រាក់ឈ្នួលឱ្យកម្មករទាំងអស់ ករណីមិនអនុវត្តតាមកាលកំណត់ មន្ទីរនឹងចាត់វិធានការតាមច្បាប់ស្តីពីការងារ)។ ២,អង្គប្រជុំបានស្នើសុំការគាំទ្រពីរដ្ឋបាលស្រុកអង្គរជុំ អង្គរធំ និងស្រុកសូទ្រនិគម ក្នុងការផ្តល់ទិន្នន័យដល់សិស្សានុសិស្សក្នុងការសរសេរគម្រោង " ដើម្បីសហគមន៍ខ្ញុំ" ដោយក្នុងនោះ ក្រុមនីមួយៗក៏មានការលើកឡើងអំពីប្រធានបទពាក់ព័ន្ធ កិច្ចការពារកុមារការទប់ស្កាត់អំពើជួញដូរមនុស្ស និងការងារបរិស្ថានផងដែរ ។ ៣, អង្គប្រជុំ បានពិនិត្យ និងពិភាក្សាលើការស្រង់ទិន្នន័យលម្អិតអំពីស្ថានភាពនៃការវិលត្រឡប់របស់ពលករពីប្រទេសថៃ ក្នុងអំឡុងពេល មានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ និងបានជំរុញឱ្យផ្សព្វផ្សាយអំពីតម្រូវការកម្លាំងពលករ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលករ ។ ៤,អង្គប្រជុំបានធ្វើការកំណត់កាលបរិច្ឆេទនៃការប្រមូលរបាយការណ៍ ពីបណ្តាសមាជិក នៅថ្ងៃទី២០ នៃខែនីមួយៗ ។ ៥, អង្គប្រជុំបានស្នើសុំឱ្យលេខាធិការដ្ឋានធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្រ្តីទទួលបន្ទុកធ្វើរបាយការណ៍នៅតាមបណ្តាលក្រុង ស្រុក (ដោយសារមានការផ្លាស់ប្តូរសមាសភាព)។ ៦, ផែនការបន្តលេខាធិការដ្ឋាន គ.ខ.ប.ជ នឹងរៀបចំការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ នៅក្នុងត្រីមាសទី៣ ។ ៧, ផែនការបន្ត លេខាធិការដ្ឋាន គ.ខ.ប.ជ នឹងធ្វើទស្សនកិច្ចនៅតាមមណ្ឌលថែទាំកុមារ និងជនរងគ្រោះរបស់អង្គការដៃគូ និងរដ្ឋ ព្រមទាំងចុះតាមស្ថានភាពកុមារតាមម្តាយក្នុងពន្ធគារ ៕