លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញចូលរួមក្នុងកម្មវិធីខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេង នៅគ្រប់ខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់»

BY SOM SIVWIN

Published on 05 Jun, 2025

ទីស្តីការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងនាមជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញចូលរួមក្នុងកម្មវិធីខួបលើកទី៧៦ នៃទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេង នៅគ្រប់ខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់» នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ។ ក្នុងពិធីនោះផងដែរ មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង-ស្ថាបនពាក់ព័ន្ធ, អង្គការអន្តរជាតិខាងការងារ (ILO), អង្គការទស្សនៈពិភពលោក (World Vision), តំណាងអន្តរក្រសួងស្ថាប័ន នៃគណៈកម្មការប្រឆាំងពលកម្មកុមារ, អង្គការវិជ្ជាជីវៈ, វិស័យឯកជន, លោកគ្រូ អ្នកគ្រូ, អាណាព្យាបាល និងកុមារសរុបប្រមាណ៤០០រូប ។ 

បើយោងតាមប្រសាសន៍លើកឡើងរបស់ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ថ្លែងក្នុងពិធីអបអរសាទរ និងពិធីសំខាន់ៗចំនួន ៣ព្រមគ្នា ដែល ទី១ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» ទី២ ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់» និងទី៣ ទិវាកុមារកម្ពុជាឆ្នាំ២០២៥។ បន្ថែមពីនេះ លោកជំទាវប្រចាំការ បានបញ្ជាក់ថា ការរៀបចំទិវាពិភពលោកប្រឆាំងពលកម្មកុមារ ធ្វើឡើងនៅក្នុងគោលបំណងសំខាន់ៗចំនួនបីរួមមាន (១) ជំរុញចលនាសង្គមប្រឆាំងនឹងពលកម្មកុមារ ដើម្បីបំផុសការចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមរយៈការលើកកម្ពស់ការយល់ដឹងដល់សាធារណជនឱ្យកាន់តែយល់ច្បាស់ពីបញ្ហាពលកម្មកុមារ (២) ជំរុញកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និង(៣) បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ៕


   

Official Telegram NCCT Cambodia