ពិធី ចុះអនុស្សារណ:នៃការយោគយល់គ្នារវាង គ.ជ.ប.ជ និង សមាគមមូលនិធិ ឈាន ឆាយ ដើម្បីមនុស្សធម៌ ស្តីពី ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេសក្នុងចំណោមពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ
BY HAKLIENGPublished on 14 Feb, 2018
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ចុះអនុស្សរណៈជាមួយមូលនិធិ ឈាន ឆាយ សហការគ្នាជួយពលករចំណាក់ស្រុក
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានធ្វើការចុះអនុស្សរណៈជាមួយសមាគមមូលនិធិ ឈាន ឆាយ ដើម្បីមនុស្សធម៌ ស្តីពីការទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេសក្នុងចំណោមពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ហើយការចុះអនុស្សរណៈនេះ ក៏ដើម្បីសហការគ្នាជួយដល់ពលករ ខណៈពួកគេមានបញ្ហាអ្វីកើតឡើងជាដើមនោះ ។
ថ្លែងប្រាប់ដល់អ្នកសារព័ត៌មានក្រោយពីចុះអនុស្សរណៈនោះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា ការចុះអនុស្សរណៈជាមួយមូលនិធិ ឈាន ឆាយ នេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីសហការគ្នាជួយដល់បងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ពេលដែលពួកគេមានបញ្ហាអ្វីកើតឡើងនោះ។
លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងទៀតថា សមាគមមូលនិធិ ឈាន ឆាយ នេះគឺមានស្នាក់ការនៅក្រុងប៉ោយប៉ែត ជាប់និងជាយដែនកម្ពុជា-ថៃ ហើយមូលនិធិនេះ គឺមានបណ្តាញច្រើននៅក្នុងប្រទេសថៃ ដូច្នេះពេលដែលពលករខ្មែរយើងមានបញ្ហាអ្វីកើតឡើង គឺសមាគមន ឈាន ឆាយ នេះបានដឹង ហើយគេនឹងរាយការណ៍បន្តដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយក្រុមការងារយើងនឹងចុះដើម្បីជួយ និងអន្តរាគមន៍ដល់បងប្អូនពលករទាំងនោះតែម្តង។
បើតាមលោកជំទាវបានឲ្យដឹងផងដែរថា នាពេលខាងមុខនេះ រាជរដ្ឋាភិបាលដែលមាន ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានឹងធ្វើកន្លែងស្នាក់នៅបណ្តោះអាសន្ននៅ នឹងច្រកក្រុងប៉ោយប៉ែត ជូនដល់បងប្អូនពលករខ្មែរដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញ ហើយស្របពេលដែលគេបញ្ជូនមកវិញនោះ ក្រុមការងារគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនឹងធ្វើការសាកសួរដល់ពួកគេអំពីមូលហេតុដែលកើតឡើងចំពោះពួកគេផងដែរ ៕