Published on 29 Aug, 2024
ទីស្ដីការក្រសួងកិច្ចការនារី៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងកិច្ចការនារី លោកឧត្តមសេនីយ៍ត្រី អ៊ិន មាន ប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ អន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារខមមីតកម្ពុជា ដើម្បីពិភាក្សា និង សម្រេចលើធាតុចូល នៃការប៉ានប្រមាណ លើការអនុវត្តផែនការសកម្មភាពអនុតំបន់លើកទី៤ (SPA IV) និង កំណត់សកម្មភាពអាទិភាព សម្រាប់ដាក់បញ្ចូលក្នុងផែនការសកម្មភាពអនុតំបន់លើកទី៥ (SPA V) ក្រោមការដឹកនាំដោយលោក ស៊ុ វណ្ណារ័ត្ន អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម តំណាងអោយលោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម(ក្រសួងកិច្ចការនារី) ។
កិច្ចប្រជុំចូលរួមដោយសមារជិក COMMIT មកពីក្រសួង និងអង្គការដៃគូរ ចំនួន ៣៩រូប។ ការប្រជុំចាប់ផ្តើមដោយការណែនាំខ្លួនឯង ការបង្ហាញអំពីទិដ្ឋភាពទូទៅនៃ COMMIT និង បទបង្ហាញពីនិន្នាការថ្មីៗនៃអំពើជួញដូរមនុស្ស នៅមហាអនុតំបន់មេគង្គ ដោយតំណាងពីអង្គការ UNDP ដែលរកឃើញមាននិនាការចំនួន៣តាមការសង្កេតរបស់ UNDP តាមរយៈរបាយការណ៍ផ្សេងៗ៖
⁃ និន្នាការទី១៖ ការធ្វើឌីជីថលនីយកម្មរបៀបប្រតិបត្តិការប្រព្រឹត្តបទល្មើស
⁃ និន្នាការទី២៖ ការកេងប្រវ័ញ្ចទៅលើភាពងាយរងគ្រោះ ដែលកាន់តែធ្ងន់ធ្ងរជាងមុន
⁃ និន្នាការទី៣៖ ភាពងាយរងគ្រោះរបស់ស្ត្រី និងកុមារីដែលមានការកើនឡើង
អង្គប្រជុំបានធ្វើការពិភាក្សាពិនិត្យលើធាតុចូលនៃឯកសារនៃការប៉ាន់ប្រមាណ លើការអនុវត្តផែនការសកម្មភាពអនុតំបន់ លើកទី៤ (SPA IV) និង ចំណុចជាអាទិភាព សម្រាប់ដាក់បញ្ចូលនៅក្នុងផែនការសកម្មភាពអនុតំបន់លើកទី៥(SPA V) ដែលប្រមូលបានពីសមាជិកជាក្រសួង ស្ថាប័ន្ន និងអង្គការដៃគូរ ដើម្បីបញ្ជូនទៅកាន់ លេខាធិការដ្ឋាន COMMIT ប្រទេសថៃនៅក្នុងពាក់កណ្តាលខែកញ្ញា ៕