Published on 29 Aug, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ៨រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី "ការសិក្សាលើការត្រួតពិនិត្យ លំហូរទេសន្តរប្រវេសន៍តាមបណ្តោយច្រកព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង" រៀបចំដោយ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សហការរៀបចំដោយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) នៅសណ្ឋាគារ ហីម៉ាវារី អមដោយសមាសភាពគណៈអធិបតីរួមមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម ហាវ ឌីណា អគ្គាធិការរង នៃក្រសួងផែនការ ឯកឧត្តម សូ វណ្ណៈ អគ្គាធិការរង នៃក្រសួងផែនការ ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផៃ្ទ លោក យូ សុភ័ក្ត្រ ប្រធាននាយកដ្ឋាន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ឯក សំអុល តំណាងអង្គការ IOM ប្រចាំនៅកម្ពុជា ។ គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីបង្ហាញពីលទ្ធផលស្រាវជ្រាវ ប្រមូលធាតុចូល និងអនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធ លើលទ្ធផលនៃការសិក្សាលើការត្រួតពិនិត្យលំហូរទេសន្តរប្រវេសន៍ រវាងព្រះរាជអាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ សមាសភាពចូលរួមគឺមកពី ក្រសួងផែនការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ អគ្គនាយកដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ព្រមទាំងអង្គការដៃគូជាតិនិងអន្តរជាតិ សរុបចំនួន ៥៨រូប (ស្រី២០រូប)។
បន្ទាប់ពីបទបង្ហាញអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ ដែលបង្ហាញដោយ លោកឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្ត្រវឌ្ឍនា ប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងលោក ឯក សំអុល មន្ត្រីជំនាញនៃអង្គការ IOM អង្គសិក្ខាសាលាបានបន្តធ្វើការពិភាក្សាក្រុមតូច ដើម្បីប្រមូលធាតុចូល។ ជាលទ្ធផលនៃកិច្ចពិភាក្សាក្រុមតូច។ ជាលទ្ធផល អនុសាសន៍ចំនួន១២ចំណុច ត្រូវបានបែងចែកទៅក្នុងតារាងម៉ាត្រិច៖ ១. ងាយស្រួលអនុវត្តន៍ ហើយទទួលបានផលខ្ពស់, ២. ពិបាកអនុវត្តន៍ ប៉ុន្តែទទួលបានផលខ្ពស់,៣. ងាយស្រួលអនុវត្តន៍ ប៉ុន្តែពុំសូវទទួលបានផល, ៤. ពិបាកអនុវត្តន៍ ហើយពុំសូវទទួលបានផល ។
នៅចុងបញ្ចប់នៃសិក្ខាសាលា លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានផ្តល់ជាអនុសាសន៍ដូចខាងក្រោម៖
- ការគ្រប់គ្រងប្រជាពលរដ្ឋតាមបណ្តារខេត្តជាប់ព្រំដែនគឺជាកត្តាចម្បង ក្នុងការងារពារប្រជាពលរដ្ឋ ពីអំពើជួញដូរមនុស្ស
- ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនគឺជាការចាំបាច់ក្នុងការលើកកម្ពស់ជីវភាពប្រជាជន បង្ការទប់ស្កាត់ការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន ៕