Published on 05 Aug, 2024
គជបជ ៖ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានផ្ញើសារលិខិតគោរជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្រ្តនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ។
នៅក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ ពោរពេញដោយសេចក្តីសោមនស្សរីករាយ អបអរសាទរនៃខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ដែលឈានចូលមកដល់នៅថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ។
ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ ជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសមប្រកប ដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ ៕