Published on 31 Jul, 2024
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅថ្ងៃទី០១ខែសីហាស្អែកនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ០៥ឆ្នាំ (២០២៤-២០២៨)» នៅសាលប្រជុំអាគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ កម្មវិធីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិពាក់ព័ន្ធប្រមាណ ៣៥០នាក់ ។
ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) ជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស លើកកម្ពស់ការគោរពសិទ្ធមនុស្ស ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ ៕