គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ខេត្តកោះកុង បានរៀបចំប្រារព្ធទិវាជាតិ ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»

BY SOM SIVWIN

Published on 21 Dec, 2023

ខេត្តកោះកុង៖ នៅរសៀលថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ គ.ខ.ប.ជ ខេត្តកោះកុង បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ នៅនៅ​ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តកោះកុង ។

គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីផ្សព្វផ្សាយការយល់ដឹង ឲ្យកាន់តែទូលំទូលាយអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ បង្កើតឡើងដោយជនល្មើស ដែលមានកលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្ស ជាច្រើនធ្លាក់ចូល ក្នុងអន្ទាក់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ច យ៉ាងសាហាវឃោរឃៅ ។

មានមតិចាប់អារម្មណ៍ក្នុងកម្មវិធី ឯកឧត្តម ស្រេង ហុង បានលើកឡើងអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ​និងបន្ត​ជំរុញ​លើក​ទឹកចិត្ត​ដល់​គ្រប់​វិស័យ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ទាំងអស់ ត្រូវ​ធ្វើ​សកម្មភាព​ឲ្យ​កាន់តែ​ខ្លាំងក្លា​ក្នុង​ការ​បង្ការ បង្ក្រាប ផ្ដន្ទាទោស និង​ការពារ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​អំពើ​ជួញដូរ​មនុស្ស។ លោក​ក៏​ស្នើ​ដល់​អភិបាល​ក្រុង​ស្រុក មេឃុំ​ចៅសង្កាត់ និង​តាម​បណ្តា​សាលារៀន ត្រូវ​ផ្សព្វផ្សាយ​តាម​រូបភាព​ផ្សេងៗ នូវ​សារ​ទាំងឡាយ​ពី​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ដើម្បី​ជា​ការ​ពញ្ញាក់​ស្មារតី ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​យល់ដឹង​អំពី អំពើ​ជួញដូរ​មនុស្ស និង​ចូលរួម​បង្ការ ទប់ស្កាត់ និង​ការពារ​ខ្លួន​ពី​អំពើ​ជួញដូរ​មនុស្ស ជាពិសេស ក្មួយៗ ជា​យុវតី ដើម្បី​គេច​ផុត​ពី​ការ​ចាញ់បោក​ជន​ខិលខូច​គ្រប់​រូបភាព​ទាំងអស់ ។ ទន្ទឹម​នោះ ប្រមុខ​រាជរដ្ឋាភិបាល ក៏​ណែនាំ​ដល់​ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ បន្ត​តាមដាន​បាតុភាព និង​បទល្មើស​ផ្សេងៗ និង​គ្រប់គ្រង​ព្រំដែន​ឲ្យ​បាន​គត់មត់ ដើម្បី​ទប់ស្កាត់​មូលហេតុ​រួមផ្សំ ដែល​នាំ​ឲ្យ​មាន​អំពើ​ជួញដូរ​មនុស្ស និង​ការ​រំលោភបំពាន​ផ្សេងៗ។ ជាពិសេស​ការ​ពង្រឹង និង​តាមដាន​ការ​អនុវត្ត​ច្បាប់ គោលនយោបាយ និង​បទដ្ឋាន​គតិយុត្តិ​នានា​ឲ្យ​មាន​ប្រសិទ្ធភាព។ ក្នុង​នោះ មិន​ឲ្យ​ព្រងើយ​កន្តើយ ឬ គាំទ្រ​អំពើ​ល្មើស​ដែល​កើតមាន ត្រូវ​ខិតខំ​រួមគ្នា​ដោះស្រាយ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ដែល​រងគ្រោះ ព្រមាន និង​ដាក់ទោស​ជនល្មើស ឲ្យ​សក្ដិសម​នឹង​អំពើ​បាន​ប្រព្រឹត្ត ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​អំពើ​ល្អ សុចរិត​ភាព និង​យុត្តិធម៌​ក្នុង​សង្គម ៕

 


   

Official Telegram NCCT Cambodia