Published on 01 Aug, 2023
កិច្ចប្រជុំតាមដានត្រួតពិនិត្យប្រចាំ របស់លេខធិការដ្ឋានគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប
សាលាខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដាឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំរបស់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក មន្ត្រីនគរបាលយុត្តិធម៌ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ឋ សរុប ៦០នាក់ ស្រី២៩ នាក់។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមកម្មវិធីរួមមាន៖ ១.ពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដាឆ្នាំ២០២៣ និង២. ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជា ធ្វើការផ្សព្វផ្សាយច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ការជួញដូរមនុស្សឆ្លងដែន កិច្ចការពារជនរងគ្រោះដោយការរត់ពន្ឋមនុស្ស និងការជួញដូរមនុស្សឆ្លងដែន ខុសច្បាប់ជាដើម ។ល។
ក្នុងសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៣ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានបង្ហាញពីពីចំណុចខ្លាំងដោយបានអនុវត្តយ៉ាងយកចិត្តទុកដាក់នូវទិសដៅភារកិច្ចរបស់ខ្លួនតាមការគ្រោងទុក ព្រមទាំងមានការចូលរួមកាន់តែសកម្មពីមន្ត្រីអនុវត្តតាមបណ្តាមន្ទីរអង្គភាពពាក់ព័ន្ឋ អាជ្ញាធរមូលដ្ឋាននិងអង្គការមិនមែនរដ្ឋាភិបាលនិងទីភ្នាក់ងារសហប្រជាជាតិផងដែរ។ លើសពីនេះកិច្ចប្រជុំក៏បានលើកយកបញ្ហាជាច្រើនមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយសារការរត់ពន្ឋឆ្លងដែនជាដើម។ អង្គប្រជុំបានពិភាក្សាលើករណីប្រជាពលរដ្ឋដែលបានស្នើឱ្យអាជ្ញាធរធ្វើការបញ្ជាក់អំពីទនាក់ទំនងរវាងពលរដ្ឋខ្មែរចំនួន ០១នាក់ ថាជាកូនចិញ្ចឹមរបស់គ្រួសារជនជាតិជប៉ុន ដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុនដោយមិនចាំបាច់ចំណាយលើការបង់ពន្ធ ប៉ុន្តែពុំត្រូវបានអាជ្ញាធរធ្វើការបញ្ជក់ជូនឡើយ ដោយពុំមានលិខិតបទដ្ឋានគតិយុត្តណាមួយ ត្រឹមត្រូវតាមច្បាប់សម្រាប់ធ្វើការបញ្ជាក់ជូនបាននោះទេ។ ពាក់ព័ន្ធនឹងករណីនេះផងដែរ លោកស្រីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានផ្តល់ជាអនុសាសន៍ផងដែរថា ករណីខាងលើនេះអាជ្ញាធរមូលដ្ឋានមិនមានសមត្ថកិច្ចបញ្ជាក់អះអាងថាជាកូនចិញ្ចឹមឬជាកូនសុំបានទេ(ស្មុំកូន) គប្បីប្រើនីតិវិធីស្នើសុំទៅតុលាការដើម្បីបំពេញបែបបទពាក់ព័ន្ឋទៅតាមលក្ខ័ណ្ឌលើការស្នើសុំ របស់ភាគីអ្នកស្នើសុំនិងកូនស្មុំ ។
បន្ថែមពីនោះអង្គប្រជុំក៏បានធ្វើការពិភាក្សាលើទៅបញ្ហាពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយបានស្នើដល់មន្រ្តីមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ពិសេសមន្រ្តីនៅមូលដ្ឋានផ្ទាល់តែម្តង នៅពេលដែលទទួលបានករណីដែលសង្ស័យថាមានជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឬ អំពើរំលោភបំពាននានា សូមឱ្យធ្វើការកំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ទៅតាមទម្រង់ ដែលក្រុមការងារបានធ្វើការបណ្តុះបណ្តាលកន្លងមក ជៀសវាងការកំណត់មិនបានត្រឹមត្រូវធ្វើឱ្យសមត្ថកិច្ចជំនាញពិបាកក្នុងការបង្ក្រាប ក៏ដូចការផ្តល់សេវាមិនបានសមស្រប។ ទន្ទឹមនឹងការផ្តល់សេវាឱ្យសមស្រប លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានជំរុញឱ្យមន្ទីរសង្គមកិច្ច ពង្រឹងទៅលើការធ្វើអធិការកិច្ចនៅតាមមណ្ឌលថែទាំជំនួសនៅក្នុងខេត្តឱ្យបានគ្រប់មណ្ឌល និងត្រូវមានវិធានការឱ្យម៉ឺងម៉ាត់ចំពោះមណ្ឌលថែទាំណាមិនអនុវត្ត ឬ គោរពទៅតាមគោលការណ៍និងបទដ្ឋានអប្បបរិមាដែលក្រសួងបានកំណត់។ ស្របតាមបរិបទឌីជីថល ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមរបស់ប្រជាពលរដ្ឋបាននឹងកំពុងមានសន្ទុះយ៉ាងខ្លាំង ហើយក្នុងនោះនៅក្នុងខេត្តរបស់យើងសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវនិងបង្ក្រាបបាននូវករណីរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញបានមួយចំនួនផងដែរ។ ដើម្បីឆ្លើយតបទៅបញ្ហានេះ សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អាជ្ញាធរគ្រប់ថ្នាក់ និងអង្គការដៃគូទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងសហការ ទប់ស្កាត់តាមរយៈការងារអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព និងប្រើប្រាស់គ្រប់លទ្ឋភាព និងធនធាន ពិសេសនៅតាមគ្រិះស្ថានសិក្សា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាកលអំពីការជួញដូរ ការធ្វើអាជីវកម្មផ្លូវភេទ កិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ទំនាក់ទំនងរវាងទេសន្តប្រវេសន៍ និងអំពើជួញដូរមនុស្ស ព្រមទាំងបទល្មើសពាក់ព័ន្ឋដទៃទៀតឱ្យបានដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវ័យក្នុងនិងក្រៅសាលារៀន និងជនដែលងាយរងគ្រោះ ៕ (ប្រភពពី៖ គខបជ ខេត្តសៀមរាប)