ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

BY SOM SIVWIN

Published on 23 Mar, 2023

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

សាលសន្និសិទ វិទ្យាស្ថានជាតិអប់រំ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅសាលសន្និបាតវិទ្យាស្ថានជាតិអប់រំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ស្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ។ មានវត្តមាន អញ្ជើញចូលរួមក្នុងអង្គពិធីមាន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាប្រធាននិង អនុប្រធាន សមាជិក នៃក្រុមការងារអន្តរក្រសួងទាំង៦ នៃគ.ជ.ប.ជ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ នៃគ.ជ.ប.ជ និងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មាន លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ លោកជំទាវ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន ប្រធាននៃក្រុមជំនួយកិច្ចការទាំង៦ មន្រ្តីបច្ចេកទេស មន្ត្រីរបាយការណ៍  មន្រ្តីក្រោមឱវាទ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងជាប្រធាន គ.ខ.ប.ជ និងប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ នៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត កុងស៊ុល និងតំណាងបេសកកម្មនៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា ជាប្រធាន ឬតំណាងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល ដែលកំពុងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធជាច្រើនរូប សរុបប្រមាណ ៣០០នាក់ ។

គួររំលឹកផងដែរ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដែលមានទាំងសកម្មភាពបង្ការទប់ស្កាត់ ការបង្ក្រាប ការសង្គ្រោះ និងកិច្ចការពារជនរងគ្រោះ ការផ្តន្ទាទោស និងកិច្ចសហការដ៏ទូលំទូលាយ ពីថ្នាក់ជាតិដល់មូលដ្ឋាន និងរហូតដល់អន្តរជាតិ ។

ក្រោយពីបានស្តាប់មតិស្វាគមន៍ និងសេចក្តីរាយកាណ៍ សង្ខេបនូវរបាយការណ៍បូកសរុបសកម្មភាពឆ្នាំ២០២២  របស់លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ជូនដល់អង្គពិធីរួចមក សម្តេចក្រឡាហោម ប្រធានគ.ជ.ប.ជ បានអញ្ជើញផ្តល់កិត្តិយស ថ្លែងមតិចាប់អារម្មណ៍ និងសុន្ទរកថា  នៅក្នុងអង្គសន្និបាត សម្តេចក្រឡាហោមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមាន ២២ក្រសួងស្ថាប័នជាសមាជិក និងដែលមានរចនាសម្ព័ន្ធតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ តែងតែរួមសហការគ្នាយ៉ាងរលូន ខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្សបានយ៉ាងល្អប្រសើរ ។ សម្តេចបាន កោតសរសើរផងដែរ ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អង្គការដៃគូជាតិ និងអន្តរជាតិទាំងឡាយ ដែលបានចូលរួម គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងគោលដៅរួម គឺការបង្ការទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស ។ សម្ដេច បានឯកភាពចំពោះទិសដៅការងាររបស់ គ.ជ.ប.ជ ដោយសង្កត់ធ្ងន់ថា ប្រសិនបើថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តទៅតាមទិសដៅដែលបានដាក់ចេញ ប្រាកដណាស់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នឹងទទួលបានលទ្ធផលកាន់តែប្រសើរនៅឆ្នាំ២០២៣។

ថ្វីត្បិតលទ្ធផលការងារឆ្នាំ២០២២ មានភាពប្រសើរច្រើនធៀបនឹងឆ្នាំ២០២១ ប៉ុន្តែសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាបញ្ហានេះនៅតែស្ថិតក្នុងស្ថានភាពប្រឈមដែលទាមទារការយកចិត្តទុកដាក់អនុវត្តជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព ដ្បិតការងារនេះមិនទាន់បញ្ចប់ និងមិនទាន់មានការពេញចិត្តនៅឡើយទេ ពិសេសការងារបង្ក្រាប ការជួយសង្គ្រោះជនរងគ្រោះ ការចាប់ជនល្មើសមកផ្ដន្ទាទោស និងការបិទអាជីវកម្មពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ សម្ដេច បានស្នើលេខាធិការដ្ឋាន គ.ជ.ប.ជ ស្រង់គ្រប់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធការជួញដូរមនុស្ស រាប់ទាំងព័ត៌មានចេញដោយក្រសួងការបរទេសអាមេរិក ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលាចំពោះបញ្ហានេះ។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានថ្លែងអំណរគុណភាគីពាក់ព័ន្ធ រួមមានជនរងគ្រោះ វិស័យឯកជនរួមទាំងម្ចាស់ទីតាំងអាជីវកម្ម អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាប្រទេសជាដៃគូ ដែលបានផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសការឈានទៅបង្ក្រាបអំពើល្មើសប្រកបដោយជោគជ័យជាបន្តបន្ទាប់ ៕

 

 

 

 

 

 

 

 


   

Official Telegram NCCT Cambodia