កិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ

BY SOM SIVWIN

Published on 09 Aug, 2022

កិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ អគ្គនាយកអន្តោប្រវេសន៍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ឯកឧត្តម លោកជំទាវជាអភិបាល អភិបាលរងខេត្ត ជាប្រធាននៃគ.ខ.ប.ជ និងថ្នាក់ដឹកនាំ និង មន្រ្តីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាច្រើនរូបទៀត។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវបណ្តាគោលការណ៍ ផែនការ និងវិធានការជាអាទិភាព ព្រមទាំងដឹកនាំអនុវត្ត កិច្ចការនេះទទួលបាននូវលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ក្នុងនោះបានលើកកម្ពស់ការយល់ដឹងរបស់សាធារណជនគ្រប់ស្រទាប់ឲ្យបានជ្រួតជ្រាបអំពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស កលល្បិចជនល្មើស ព្រមទាំងបានបើកកិច្ចប្រតិបត្តិការយ៉ាងសកម្មក្នុងការបង្ក្រាបអំពើជួញដូរមនុស្សជាច្រើនករណី រំដោះជនរងគ្រោះច្រើនពាន់នាក់ និងបានឧបត្ថម្ភ គាំទ្រក្នុងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដោយជោគជ័យ។

សម្តេចក្រឡាហោម ប្រធានគ.ជ.ប.ជ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងការធ្វើពលីកម្មយ៉ាងសកម្មរបស់ក្រសួង ស្ថាប័នមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ បានញ៉ាំងឱ្យអំពើល្មើសទាំងនេះកាត់បន្ថយ និងធ្វើឲ្យសង្គមកម្ពុជា មានសុខសុវត្ថិភាព សន្តិសុខ មានការវិវត្តរីកចម្រើន មានភាពស៊ីវិល័យសមស្របតាមគន្លងប្រពៃណី និងទំនៀមទម្លាប់ដ៏ថ្លៃថ្នូររបស់ជាតិ ខ្មែរ ប្រជាពលរដ្ឋមានជីវភាពសមរម្យ ដោយបានចៀសផុតពីហានិភ័យ និងគ្រោះថ្នាក់ដែលបង្កដោយអំពើ ជួញដូរមនុស្ស ជួញដូរពលកម្ម និងជួញដូរផ្លូវភេទជាបន្តបន្ទាប់។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្ពុជានៅមានសេសសល់បញ្ហាប្រឈមដោយអន្លើដែលបង្កឡើងដោយមហិច្ឆតារបស់ឧក្រិដ្ឋជន រួមទាំងកត្តាសត្យានុម័តិ អត្តនោម័តិ កត្តាសេដ្ឋកិច្ច និងកត្តានយោបាយផងដែរ ហើយបញ្ហាទាំងអស់នេះ បានជះឥទ្ធិពលដល់កិត្យានុភាពជាតិ ប៉ះពាល់ដល់គោលនយោបាយជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ថែមទាំងបង្កឱ្យមានផលប៉ះពាល់ដល់សិទ្ធិ សុខុមាលភាព និងជីវភាព ជាក់ស្ដែង របស់ប្រជាពលរដ្ឋមួយចំនួនទៀតផង។  សម្តេចក្រឡាហោម ក៏បានជំរុញឱ្យបានខ្លាំងក្លាថែមទៀតនូវសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញនូវផែនការប្រតិបត្តិការ មានខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំ ការអនុវត្តវិធានការរដ្ឋបាល ការអនុវត្តវិធានការច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕

 

 

 

 




   

Official Telegram NCCT Cambodia



Page generated in 0.0313 seconds, with 7 database query and 0 memcache.