វេទិការជាតិ អន្តរជាតិសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ សម្តេចព្រះសង្ឃរាជទំាងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា

BY SOM SIVWIN

Published on 09 Sep, 2019

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក​ម្ពុជា បានប្រារព្ធវេទិការជាតិ អន្តរជាតិសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ សម្តេចព្រះសង្ឃរាជទំាងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងទី២  នៃព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញចូលរួមជាគណៈអធិបតី និងភ្ញៀវកិត្តិយស ក្នុងអង្គពិធីវេទិកានេះមាន ឯកឧត្តមទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឯកឧត្តម​ អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម/លោកជំទាវ ជាសមាជិក រដ្ឋសភា និងព្រឹទ្ធសភា ឯកឧត្តម/លោកជំទាវរដ្ឋលេខាធិការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈដឹកនាំជាន់ខ្ពស់នៃឥស្លាមសាសនា បរិស័ទកាតូលិក គ្រិស្ទបរិស័ទ និងនិកាយសាសនាទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា តំណាងព្រះសហគមន៍កាតីលិកកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការ មេបញ្ជាការកងរាជអាវុធហត្ថ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ព្រះសង្ឃ យាយជីតាជី តាមបណ្តាវត្តអារាមក្នុងរាជធានីភ្នំពេញ លោក លោកស្រីមន្រ្តីរាជការ តំណាងអង្គការដៃគូជាតិ-អន្តរជាតិ យុវជន/យុវនារី ស.ស.យ.ក កាយរិទ្ធិ និស្សិត សិស្សានុសិស្ស ប្រមាណជិត២០០០អង្គនាក់ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ អគារ(K.L) ។ គោលបំណងនៃការប្រារព្ធ វេទិកាអន្តរសាសនាថ្នាក់ជាតិនាពេលនេះ គឺជាមធ្យោបាយមួយក្នុងការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់ការបង្ការទប់ស្កាត់ អំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបផងដែរ ក្រសួង ស្ថាប័ន អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការបង្ការទប់ស្កាត់តាមជំនាញរៀងៗខ្លួន ដើម្បីគ្រប់គ្រងស្ថានភាពមិនឲ្យធ្លាក់ចូលក្នុងភាពរងគ្រោះដោយបទល្មើសជួញដូរមនុស្ស។ លោកជំទាវ ជូ ប៊ុនអេង​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានទូលថ្វាយ ប្រគេន និងជម្រាបជូនដល់គណៈអធិបតី និងអ្នកចូលរួម នូវរបាយការណ៍នៃការបង្ក្រាប ជួយសង្គ្រោះ ​របស់នគរបាលយុត្តធម៌ មន្រ្តីមានសមត្ថកិច្ច ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ លោកជំទាវបានថ្លែងបន្ថែមទៀតអំពីស្ថានភាពនៃអំពើជួញដូរមនុស្ស នៅកម្ពុជា ក្នុងតំបន់ និងក្នុងពិភពលោក ព្រមទាំង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ បច្ចុប្បន្ន អំពើជួញដូរមនុស្ស ត្រូវបានគេចាត់ទុកថាជា «ទាសភាពសម័យទំនើប» អំពើជួញដូរមនុស្ស គឺជាទម្រង់នៃឧក្រឹដ្ឋកម្មមួយ ដែលមានបណ្តាញចាត់តាំងយ៉ាងទូលំទូលាយ  ភាគច្រើនជាឧក្រឹដ្ឋកម្មឆ្លងដែន និងមួយចំនួន អាចកើតមាននៅក្នុងប្រទេស ។ ឧក្រឹដ្ឋកម្មនេះ មានរូបភាព និងទ្រង់ទ្រាយខុសៗគ្នាពីបទល្មើសមួយទៅបទល្មើសមួយ អាចជាការជួញដូរមនុស្ស ជួញដូរទារក ក្នុងស្រុក ឬឆ្លងដែន ការជួញដូរ ឬធ្វើអាជីវកម្មផ្លូវភេទ ការជួញដូរ ឬធ្វើអាជីវកម្មលើកម្លាំងពលកម្ម ការជួញដូរសរីរាង្គ ដែលជនរងគ្រោះ ត្រូវបានគេដកហូតសេរីភាព រំលោភបំពានលើរាងកាយ ផ្លូវចិត្ត សិទ្ធិសេរីភាពយ៉ាងឃោរឃៅ ដោយកេងប្រវ័ញ្ចលើផលប្រយោជន៍ដែលត្រូវទទួលបាន ដោយមិនខ្វាយខ្វល់ពីទុក្ខវេទនាឬអាយុជីវិតរបស់ជនរងគ្រោះ....។

ថ្លែងនៅក្នុងអង្គពិធី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ បានមានជំនឿយ៉ាងមុតមាំថាតាមរយៈ «វេទិកាអន្តរសាសនាថ្នាក់ជាតិ លើកទី៣» ដែលបាន និងកំពុងតែប្រព្រឹត្តទៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ នឹងជួយរួមចំណែកដល់សកម្មភាពបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឈានទៅបញ្ចប់ទាសភាពសម័យទំនើបយ៉ាងពិតប្រាកដ ។មិនតែប៉ុណ្ណោះ សកម្មភាពនេះបាន និងកំពុងក្លាយទៅជាកម្លាំងសាមគ្គីភាពដ៏រឹងមាំក្នុងសង្គមជាតិកម្ពុជា និងជាសកម្ម​ភាពដ៏រស់រវើកដែលនឹងធ្វើឲ្យជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋគ្រប់ច្រកល្ហក ឲ្យរួមគ្នាបង្ការទប់ស្កាត់ និងការពារគ្នាទៅវិញទៅមក ពីអំពើជួញដូរមនុស្ស ដោយមិនប្រកាន់និន្នាការ និងជំនឿសាសនាណាមួយឡើយ ដើម្បីឈានទៅបញ្ចប់ទាសភាពសម័យទំនើបដ៏ឃោរឃៅនេះ ។ នេះជាសកម្មភាពដ៏កម្រមួយ ដែលបង្ហាញអំពីភាពសុខដុមរមនានៃសាសនា នៅក្នុងព្រះជាណាចក្រកម្ពុជា ដែលមានគោលដៅរួមគ្នា គឺការបង្កើតឲ្យមានសេចក្តីសុខ ផ្លូវកាយ ផ្លូវចិត្តដល់មនុស្សផងគ្នា មិនបៀតបៀនគ្នា មិនប្រឈមមុខដាក់គ្នា ព្រមទាំងរួមគ្នាអប់រំកាយចិត្ត តាមបែបជំនឿសាសនារៀងៗខ្លួន ដល់សាសនិកទាំងឡាយ ឲ្យលើកកម្ពស់សីលធម៌ក្នុងការរស់នៅ និងជួយដាស់តឿនក្រើនរំលឹកគ្នា​មិនឲ្យធ្វើនូវអំពើបាបដោយការកេងប្រវ័ញ្ច រំលោភបំពាន ដែលនាំឲ្យមនុស្សដទៃ និងខ្លួនឯងរងទុក្ខវេទនា ។សម្តេចបានបន្ថែមទៀតថា នេះគឺជាលើកទី៣ ហើយ ដែលទិវាអន្តរសាសនាថ្នាក់ជាតិដ៏មហោឡារឹកនេះ បានប្រារព្វធ្វើឡើង ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការឯកភាពគ្នារវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃរាជរដ្ឋាភិបាលកម្ពុជា និងមេដឹកនាំសាសនាធំៗទាំង​ឡាយនៅកម្ពុជា ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នា រវាងរាជរដ្ឋាភិបាល ស្ថាប័នសាសនា អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាអំពើដ៏ឃោរឃៅ អមនុស្សធម៌ និងជាអំពើបាបយ៉ាងធ្ងន់ធ្ងរ ដែលជនល្មើសបានប្រព្រឹត្តទៅលើជនរងគ្រោះជាមនុស្ស គ្រប់វ័យ ទាំងទារក កុមារ យុវវ័យ និងមនុស្សចាស់ គ្រប់ភេទឥតរើសមុខ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ បាត់បង់សិទ្ធិជាមនុស្ស បាត់បង់សេចក្តីសុខក្នុងគ្រួសារ ខូចខាតដល់សុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់បាត់បង់អាយុជីវិតរៀងរាល់ថ្ងៃ យ៉ាងអាណោចអធម្ម ។ជាទីបញ្ចប់ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្តេចបានធ្វើការប្តេជ្ញាចិត្តធ្វើសកម្មភាពរួមគ្នា និងបន្តពង្រីកការផ្សព្វផ្សាយតាមរយៈការអប់រំតាមបែបសាសនា ដល់សាសនិកគ្រប់និកាយសាសនាទាំងអស់ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យយល់ដឹងអំពីអំពើជួញដូរមនុស្ស ផលប៉ះពាល់ ល្បិចកលជនល្មើស និងនាំគ្នាលុបបំបាត់ទាសភាពសម័យទំនើបនេះ ឲ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា  និងបានថ្លែងសូមឧទ្ទឹសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ បារមី វត្ថុសក្តិសិទ្ធិ ក្នុងលោក ព្រះអាឡស់ ព្រះយេស៊ូគ្រិស្ទ ដែលតែងតែជួយទ្រទ្រង់ ថែរក្សាមនុស្សលោក សូមទទួលយកនូវការអធិដ្ឋានរបស់សាសនិក និងបរិស័ទនៃសាសនាទាំងអស់ ដែលមានឆន្ទៈ ប្រឆាំងដាច់ខាតអំពើជួញដូរ កេងប្រវ័ញ្ចគ្រប់រូបភាពលើមនុស្ស និងសូមបញ្ចប់ឲ្យបាននូវទាសភាពសម័យទំនើប  ដ៏អមនុស្សធម៌នេះ ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា និងមនុស្សទូទៅក្នុងពិភពលោក តរៀងទៅ....។ ជាកិច្ចបញ្ចប់នៃពិធី សម្តេចក្រឡាហោម រួមនឹងសម្តេចព្រះសង្ឃរាជ ព្រះសង្ឃនាយក និងគណៈអធិបតីទាំងអស់បានចូលរួមបង្ហោះប៉ោងៗដែលភ្ជាប់ដោយសារប្តេជ្ញាចិត្ត និងអមដោយការសូត្រធម៌ជាកិច្ចបញ្ចប់ពិធី ៕

 

 

 

 

 


   

Official Telegram NCCT Cambodia