គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប(គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់រដ្ឋបាលខេត្តសៀមរាប

BY SOM SIVWIN

Published on 29 Apr, 2025

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប(គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់រដ្ឋបាលខេត្តសៀមរាប

គ.ខ.ប.ជខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក.ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៥ ក្រោមកិច្ចដឹកនាំរបស់លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ ទទួលបន្ទុកប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជាសមាជិក និងអង្គការដៃគូជាតិ អន្តរជាតិ សរុប ៧១ស្រី ៤២ នាក់ នៅបន្ទប់ប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប។ បន្ទាប់ពីបានពិនិត្យលើរបាយការណ៍ប្រចាំខែមេសា សេចក្តីរាយការណ៍លើបញ្ហាពាក់ព័ន្ធនានា និងការចូលរួមជាមតិយោបល លើការឆ្លុះបញ្ចាំងអំពីការសមិទ្ធផល បញ្ហាប្រឈម ការពិភាក្សារកដំណោះស្រាយរួមគ្នារវាងអ្នកពាក់ព័ន្ធដែលមានតួអង្គជាមន្រ្តីរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន និងអង្គការដៃគូសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការផ្តល់សេវាកម្មជូនដល់ជនរងគ្រោះ ជនងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ (អំពើហិង្សាក្នុងគ្រួសារ អំពើជួញដូរមនុស្ស ការរំលោភបំពានផ្លូវភេទ) ដែលបានអនុវត្តក្នុងខែមេសាឆ្នាំ២០២៥។ អង្គប្រជុំទទួលបាននូវធាតុចូលសំខាន់ៗជាច្រើន ក្នុងការដាក់ទិសដៅសម្រាប់អនុវត្តបន្ត ដោយក្នុងនោះអង្គប្រជុំបាន៖

-  បានជំរុញឱ្យមន្រ្តីមានសមត្ថកិច្ចពិនិត្យលើការកំណត់ប្រភេទបទល្មើស ដោយធ្វើការបន្ស៊ី ជាមួយនឹងស្ថាប័នតុលាការឱ្យបានច្បាស់លាស់។

-  បានជំរុញឱ្យរដ្ឋបាលក្រុងសៀមរាប (សង្កាត់សាលាកំរើក ដែលទទួលពាក្យបណ្តឹងពីនិយោជក) សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត (មន្ទីរទទួលពាក្យបណ្តឹងពីកម្មករនិយោជិត) លើពាក្យ   បណ្តឹង ពាក់ព័ន្ធនឹងវិវាទការងារ ដែលនិយោជនមិនបានបើកប្រាក់ឈ្នួល ជូនកម្មករនិយោជិត (KTV) ឱ្យបានសមស្រប និងទាន់ពេលវេលាស្របតាមនីតិវិធី។

-  បានជំរុញលើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការ   បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១.៥ លាននាក់ ឱ្យដូចភ្លៀងរលឹម ។

-  បានពិនិត្យអំពីស្ថានភាពរបស់ប្រជាពលរដ្ឋ ដែលបានធ្វើចំណាក និងចំណូលស្រុក ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងធ្វើចំណាកស្រុកតាមរដូវកាល។

- បានជំរុញឱ្យ រដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ លើករណីមីក្រូហិរញ្ញវត្ថុ PLC ដែលបានដកយកឯកសារច្បាប់ដើមសម្រាប់បញ្ចាំ (សំបុត្រកំណើត) របស់ប្រជាពលរដ្ឋចំនួន ១៤គ្រួសារ ដើម្បីធ្វើការកម្ចី ដែលខុសពីនីតិវិធីច្បាប់ដែលបានកំណត់។

- បានជំរុញឱ្យមន្ទីរអប់រំយុវជននិងកីឡាខេត្ត ក្រុមប្រឹក្សាយុវជនតាមសាលារៀន អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ជួយអប់រំផ្សព្វផ្សាយអំពីការងារពាក់ពន្ធនឹងអំពើជួញដូរមនុស្ស និងពង្រឹងលើការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់អេឡិចត្រូនិច នៅតាមសាលារៀន និងសហគមន៍ ឱ្យបានទូរលំទូលាយ។

-  បានជំរុញឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ បង្កើតជាកម្មវិធីវេទិកា ជជែកដេញដោល ដោយបង្កើតប្រធានបទទាក់ទងនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យបានច្រើនសម្រាប់ផ្សព្វផ្សាយ និងបង្កើនការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម។

-  បានដាក់ផែនការឱ្យក្រុមការងារជំនួយការលេខាធិការដ្ឋាន គ.ខ.ប.ជ រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទាំង៦ ដើម្បីពិនិត្យ និងរៀបចំផែនការសម្រាប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពទៅដល់មន្ទីរអង្គភាពជាសមាជិក និងអាជ្ញាធរមូលដ្ឋានដែលជាក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់។

-  បន្ថែមពីនោះ អង្គប្រជុំបានអនុញ្ញាតជូនអង្គការជំហ៊ានដំបូងនៅកម្ពុជា ធ្វើការផ្សព្វផ្សាយអំពីយុទ្ធនាការឆ័ត្រខៀវ ដើម្បីប្រមូលហត្ថលេខាដើម្បីដាក់ញាតិទៅអង្គការសហប្រជាជាតិ ឱ្យទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី១៦ ខែមេសា ជាទិវាអន្តរជាតិឆ័ត្រខៀវ ដើម្បីបង្កើនការយល់ដឹងកាន់តែទូលំទូលាយអំពីអំពើហិង្សាផ្លូវភេទលើកុមារា ៕

អត្ថបទ&រូបភាព៖ (លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប)


   

Official Telegram NCCT Cambodia