លោកជំទាវ ជូ ប៊ុនអេង ដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការជាតិគ.ជ.ប.ជ ដែលមានតំណាងមកពី ស្ថានទូតកម្ពុជាប្រចាំនៅហ្វីលីពីន បានអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ និងការផ្លាស់ប្តូរចំណេះដឹងរវាងកម្ពុជា និងហ្វីលីពីន “ The Regional Dialogue and Knowledge Exchange Between Cambodia and the Philippines ” នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

BY SOM SIVWIN

Published on 29 Apr, 2025

ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន៖ ព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការជាតិ គ.ជ.ប.ជ ដែលមានតំណាងមកពី​ ស្ថានទូតកម្ពុជាប្រចាំនៅហ្វីលីពីន ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ​ អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ និងការផ្លាស់ប្តូរចំណេះដឹងរវាងកម្ពុជា និងហ្វីលីពីន  “The Regional Dialogue and Knowledge Exchange Between Cambodia and the Philippines ” ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។



សមាសភាព​ គណៈប្រតិភូ​ហ្វីលីពីន​ ជាតំណាង​ក្រុមប្រឹក្សាអន្តរស្ថាប័នថ្នាក់ជាតិ ប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញពី ក្រសួងសង្គមកិច្ច​ ក្រសួងការបរទេស នគរបាលជាតិហ្វីលីពីន​ ការិយាល័យថ្នាក់ជាតិសម្រាប់ការស៊ើបអង្កេត​ ក្រសួងពលករទេសន្តរប្រវេសន៍ ការិយាល័យអន្តោប្រវេសន៍ គណៈកម្មការប្រឆាំងបទល្មើសដែលមានអង្គការចាត់តាំង មជ្ឈមណ្ឌល​ហ្វីលីពីនប្រឆាំងបទល្មើសឆ្លងដែន អាជ្ញាធរជាតិការពារកុមារ និងគណៈកម្មការកិច្ចការជនជាតិហ្វីលីពីននៅក្រៅប្រទេស ។

កិច្ចសន្ទនាមានគោលបំណង​ ចែករំលែកចំណេះដឹង បទពិសោធន៍​ និងពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី​ លើការពង្រឹងសមត្ថភាព និងសហការអនុវត្តនូវកិច្ចខិតខំប្រឹងប្រែង ផ្សេងៗ ដែលអាចឈានទៅបង្កើតបាននូវ ដំណោះស្រាយរួមគ្នា ក្នុងកិច្ច​ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ ជាពិសេស​សម្រាប់ទម្រង់ថ្មី​ នៃអំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធ ៕

 

 


   

Official Telegram NCCT Cambodia