លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការគ.ជ.ប.ជ បានអញ្ជើញបើកអង្គសិក្ខាសាលាថ្នាក់ជាតិស្ដីពី ការប្រមូលទិន្នន័យកុមារដែលរងផលប៉ះពាល់ដោយទេសន្តរប្រវេសន៍
BY SOM SIVWIN Published on 10 Feb, 2025

ភោជនីយដ្ឋានទន្លេបាសាក់២៖ ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភោជនីយ៍ដ្ឋានទន្លេបាសាក់២ មានបើកសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី “ការប្រមូលទិន្នន័យកុមារដែលរងផលប៉ះពាល់ដោយទេសន្តរប្រវេសន៍” ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ អមដំណើរដោយ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្រី ច័ន្ទ កញ្ញា តំណាងអង្គការ UNICEF ប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អភិបាលរង និងតំណាងលេខាធិការដ្ឋានរាជធានី/ខេត្ត និងលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត ប្រធាន អនុប្រធាន និងតំណាងមន្ទីរពាក់ព័ន្ធ នៃរដ្ឋបាលរាជធានី/ខេត្ត លោក លោកស្រីតំណាងអង្គភាពជំនាញ តំណាងអង្គការដៃគូអភិវឌ្ឍន៍ និងក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សរុបចំនួន ៨៩ រូប ។
គោលបំណង នៃការប្រារព្ធធ្វើសិក្ខាសាលានេះដើម្បី ៖
- ប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីឱ្យការប្រមូលទិន្នន័យទេសន្តរប្រវេសន៍នេះ និងកុមាររងផល ប៉ះពាល់ដោយទេសន្តរប្រវេសន៍ កាន់តែមានសុក្រឹតភាព ដើម្បីចងក្រងជាទិន្នន័យច្បាស់លាស់សម្រាប់រៀបចំ គោលនយោបាយ ច្បាប់ បទដ្ឋានគតិយុត្ត និងគម្រោង ឬផែនការដើម្បីឆ្លើយតបផលប៉ះពាល់កុមារដែលឪពុកម្ដាយធ្វើចំណាកស្រុក។ ផលបះពាលកុមារដែលឪពុកម្តាយធ្វើ
- ពិភាក្សាកំណត់រកប្រភេទនៃកុមាររងផលប៉ះពាល់ដោយចំណាកស្រុក “ការប្រឈម និងតម្រូវការរបស់កុមារ
- ពិភាក្សាលើតារាងសម្រង់ទិន្នន័យជាក់ស្តែង និងនីតិវិធីប្រមូលទិន្នន័យ
- ពិភាក្សាពីជំហាន នៃការប្រមូលទិន្នន័យនេះដោយបែងចែកជាពីរដំណាក់កាល គឺដំណាក់កាលទី១៖ ការប្រមូលទិន្នន័យជាក់លាក់ជាប្រចាំ និងដំណាក់កាលទី២៖ ការស្រាវជ្រាវលម្អិតពីតម្រូវការរបស់កុមារដែលឪពុកម្តាយធ្វើចំណាកស្រុក(ទាំងក្នុង និងក្រៅប្រទេស)។
- ពង្រឹងនីតិវិធីនៃការគ្រប់គ្រងការធ្វើចំណាកស្រុក តាមរយៈអាជ្ញាធរមូលដ្ឋាន ពិសេសផលប៉ះពាល់លើកុមារដែលគ្រួសារធ្វើទេសន្តប្រវេសន៍ ឲ្យកាន់តែមានប្រសិទ្ធភាព និងច្បាស់លាស់
- ទទួលបានយន្តការ និងទម្រង់រួមមួយក្នុងការប្រមូល បញ្ចូល និងបូកសរុបទិន្នន័យពាក់ព័ន្ធនឹងកុមារ និងការធ្វើចំណាកស្រុក ដែលអាចអនុវត្តបាននៅទូទាំងប្រទេស
- ទិន្នន័យដែលទទួលបានមានសុក្រឹតភាព និងច្បាស់លាស់ ដែលអាចឲ្យរាជរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិយកទៅប្រើប្រាស់សម្រាប់រៀបចំជាគម្រោង ផែនការ វិធានការ ឬគោលនយោបាយឆ្លើយតបទៅនឹងផលប៉ះពាល់ផ្សេងៗចំពោះកុមារ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន
- អាចវិភាគទិន្នន័យ ដើម្បីស្វែងយល់អំពីសកម្មភាព និងលំហូរចេញ-ចូលរបស់កុមារ និងកំណត់រកប្រភេទ នៃផលប៉ះពាល់ដោយចំណាកស្រុក
- ស្វែងយល់ពីបទពិសោធន៍របស់តួអង្គសំខាន់ៗដែលពាក់ព័ន្ធការការពារ និងលើកកម្ពស់សិទ្ធិកុមារនៅតាមមូលដ្ឋាន(ទាំងមន្ត្រីរដ្ឋាភិបាល និងអង្គការដៃគូពាក់ព័ន្ធ)
- វាយតម្លៃពីប្រសិទ្ធភាព នៃការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋានស្តីពីការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផលប៉ះពាល់លើកុមារដែលគ្មានឪពុកម្តាយមើលថែទាំ ហើយកំពុងរស់នៅជាមួយបងប្អូនឬសាច់ញាតិនៅក្នុងសហគមន៍
- ស្វែងរកព័ត៌មានពាក់ព័ន្ធផលប៉ះពាល់ដល់កុមារគ្រប់ជ្រុងជ្រោយ ដើម្បីមានមូលដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងការបង្កើតគោលនយោបាយ ច្បាប់និងលិខិតបទដ្ឋានគតិ យុត្តជាតិ ស្តីពីការគាំពារ និងលើកកម្ពស់សិទ្ធិកុមារដែលរងផលប៉ះពាល់ដោយគ្រួសារធ្វើទេសន្តប្រវេសន៍ឱ្យកាន់តែល្អប្រសើរ
- បង្កើតផែនទីបង្ហាញផ្លូវដើម្បីកែលម្អភាពខ្វះខាត ក្នុងប្រព័ន្ធគ្រប់គ្រងការចំណាកស្រុករបស់ប្រជាពលរដ្ឋ និងកុមារដែលគ្រួសារធ្វើទេសន្តប្រវេសន៍ (ក្នុង និងក្រៅប្រទេស) ហើយទុកឱ្យរស់នៅជាមួយបងប្អូន ឬសាច់ញាតិក្នុងសហគមន៍ ៕
With thanks to support from the European Union and in continue partnership with NCCT and UNICEF for this 1day national consultation workshop in Phnom Penh. There are 89 people attended (38 females) from inter-ministerial institutions at national and sub-national level, UN agencies, IOs and NGOs. The workshop aims to gather inputs from NCCT members and stakeholders on improving data collection on children affected by migration. The data will be used to inform policy and programme development for protect children affected by migration.













