Published on 10 Oct, 2024
លោកជំទាវ ជូ ប៊ុនអេង បានទទួលជួបពិភាក្សាជាមួយលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ដើម្បីពិភាក្សារកដំណោះស្រាយលើករណី ពពោះជំនួស ដើម្បីជួញដូរទារក ដែលប្រព្រឹត្តដោយជនជាតិហ្វីលីពីន លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានទទួលជួបពិភាក្សាជាមួយលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ដើម្បីពិភាក្សារកដំណោះស្រាយលើករណី ពពោះជំនួស ដើម្បីជួញដូរទារក ដែលប្រព្រឹត្តដោយជនជាតិហ្វីលីពីន លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំបានរៀបចំប្រព្រឹត្តិទៅនៅបន្ទប់ប្រជុំ នៃទីស្តីការក្រសួងមហាផ្ទៃ សាលប្រជុំ «ខេត្តតាកែវ» ។ មានវត្តមានក្នុងឱកាសនោះដែរ មាន តំណាងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៖លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង លោកជំទាវ ឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ លោកឧត្តមសេនីយ៍ទោ សេក ស៊ីវ៉េត ប្រធានក្រុមជំនួយកិច្ចការជួយជនរងគ្រោះ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ មាន៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ទោ សុខ សម្បូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្តមសេនីយ៍ទោ សុខ ងី អនុប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាងអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃមាន៖ លោកស្រី វ៉ាន់នី សុភីដាវ អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងមន្រ្តីពីររូបទៀត ។
គោលបំណងនៃកិច្ចប្រជុំ គឺ ដោះស្រាយករណីស្រ្តីជនជាតិ ហ្វីលីពីន២០រូប ដែលមានវត្តមាននៅកម្ពុជា និងបានរកឃើញថា ពាក់ព័ន្ធនឹងករណីពពោះដើម្បីជួញដូរទារក ។ក្នុងនោះស្រ្តី ៧រូប ត្រូវបានកំណត់ជាបទល្មើសអន្តោប្រវេសន៍ ដែលត្រូវរងការបណ្តេញចេញ ព្រោះមិនទាន់បានពពោះនៅឡើយ រីឯ១៣រូបទៀត ត្រូវបានសាលាដំបូងខេត្តកណ្តាល ចេញដីកាសម្រេចចោទប្រកាន់ តាមមាត្រាទី១៣ និងទី១៤ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយស្រ្តីទាំង១៣រូប បានបញ្ជាក់ថា ការពពោះនេះ គឺតាមរយៈទីភ្នាក់ងារក្រុមហ៊ុន នៅហ្វីលីពីន ដែលមានទំនាក់ទំនងជាមួយអ្នកបច្ចេកទេសនៅប្រទេសថៃ រួចបញ្ជូនមកកម្ពុជា គោលបំណងចុងក្រោយ គឺដើម្បីជួញដូរទារក ។ លោកជំទាវ ស្នើសុំរាជរដ្ឋាភិបាលកម្ពុជា អនុគ្រោះ និងបញ្ជូនស្ត្រីទាំងនោះត្រឡប់ទៅប្រទេសហ្វីលីពីនវិញ ដោយសន្យាថា នឹងជួយអប់រំស្រ្តីទាំងនោះអំពីច្បាប់នៅកម្ពុជា ។ លោកជំទាវ បានជម្រាបអំពីគោលបំណងនៃការរឹតបន្តឹងករណីពពោះ ដោយហេតុថា បើបន្ធូរបន្ថយករណីនេះ នឹងមានស្ត្រីជាច្រើនទៀតដែលនឹងបន្តប្រព្រឹត្តអំពើពពោះ ដើម្បីជួញដូរទារក ហើយនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភសិទ្ធិធ្ងន់ធ្ងរដល់ទារក ឬកុមារ ។ ដូច្នេះ ការបញ្ជូនស្រ្តីឲ្យវិលត្រឡប់ទៅប្រទេសហ្វីលីពីនវិញ នឹងត្រូវអនុវត្តតាមនីតិវិធី និងសុំឲ្យភាគីហ្វីលីពីន ផ្តល់មេធាវីដើម្បីពិភាក្សាអំពីនីតិវិធី ជាមួយព្រះរាជអាជ្ញាកម្ពុជា ។ លោកជំទាវឯកអគ្គរដ្ឋទូត ហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើការស្នាក់នៅដោយមានមន្ទីពេទ្យ ជាអ្នកផ្តល់សេវាយ៉ាងល្អប្រសើរដល់ស្ត្រីទាំងនោះ និងយល់ព្រមដោះស្រាយយ៉ាងសមស្រប ហើយលោកជំទាវសន្យាថា នឹងបង្កើនកិច្ចសហការឲ្យកាន់តែល្អប្រសើរ លើវិស័យប្រឆាំងការជួញដូរមនុស្ស ដែលជាបញ្ហារួមរវាងប្រទេស និងក្នុងតំបន់ ។ កិច្ចប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាស រីករាយ និងយោគយល់គ្នា ៕ (អត្ថបទ&រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្រ្តបញ្ញា)