វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី ការអនុវត្តតួនាទីភារកិច្ច ច្បាប់ គោលនយោបាយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារ ដល់សមាជិកលេខាធិការដ្ឋាន គ.ខ.ប.ជ

BY SOM SIVWIN

Published on 28 Aug, 2024

(សៀមរាប)៖ នៅថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤  គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ.សរ) បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី ការអនុវត្តតួនាទីភារកិច្ច ច្បាប់ គោលនយោបាយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារ ដល់សមាជិកលេខាធិការដ្ឋាន គ.ខ.ប.ជ នៅបន្ទប់ប្រជុំសាលាខេត្ត ដែលមានអញ្ជើញមកពីមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិ  ចំនួន១៩ សរុបចំនួន ៩៦នាក់ ស្រី ៦៩នាក់។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ដើម្បីឱ្យសមាជិកទាំងអស់បានយល់ដឹងបន្ថែមអំពីរចនាសម្ព័ន្ធ ការអនុវត្តតួនាទីភាកិច្ច ច្បាប់ គោលនយោបាយ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចការពារកុមារពីការរំលោភបំពាននានា ដើម្បីយកទៅអនុវត្តនៅក្នុងវិស័យការងារតាមអង្គភាព ស្ថាប័ន ឱ្យបានឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងនាមជាសមាជិករបស់គណៈកម្មាធិការខេត្ត និងផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ដោយទទួលបានការចូលរួមសហការគាំទ្ររៀបចំពីរដ្ឋបាលសាលាខេត្ត អង្គការជីវិតនៅកម្ពុជា (TLC) អង្គការមូលនិធិអន្តរជាតិហាការ អង្គការដៃកម្ពុជា និងអង្គការសម្ព័ន្ធចាប់ដៃផងដែរ។ វគ្គបណ្តុះបណ្តាលបានផ្តោតសំខាន់ទៅលើប្រធានបទសំខាន់ចំនួន ៦រួមមាន៖ ១. បង្ហាញអំពីយន្តការ រចនាសម្ព័ន្ធ និងការអនុវត្តតួនាទីភារកិច្ចរបស់ គ.ខ.ប.ជ, លេខាធិការការដ្ឋាន គ.ខ.ប.ជ, ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ ក្រុង ស្រុក និងឃុំ សង្កាត់ និងតួនាទីភារកិច្ចរបស់, ក្រុមការងារបច្ចេកទេសទាំង៦ និងផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តជាតិ ៥ឆ្នាំ (២០២៤-២០២៨) ។ ២. បទបង្ហាញអំពីវិធីសាស្រ្តទាំង៧ចំនុច ដើម្បីអនុវត្តក្នុងការងារបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់វិស័យ ។ ៣. បង្ហាញអំពី ទម្រង់នៃការរៀបចំរបាយការណ៍របស់ គ.ខ.ប.ជ តាមវិស័យ ។ ៤. បទបង្ហាញអំពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព (នីតិវិធីនៃការធ្វើចំណាកស្រុកស្របច្បាប់, ឯកសារសម្រាប់ធ្វើទេសន្តរប្រវេសន៍តាមរយៈក្រុមហ៊ុនជ្រើសរើសឯកជន, ការជ្រើសរើសពលករដោយក្រមសីលធម៌របស់ភ្នាក់ងារជ្រើសរើសឯកជន,ប្រទេសគោលដៅសម្រាប់បញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដែលបានចុះបញ្ជីនៅក្រសួងការងារ និង វិធីរក្សាសុវត្ថិភាព និងស្វែងរកជំនួយ របស់ពលករដែលបានធ្វើការចំណាកស្រុក)។ ៥. បទបង្ហាញស្តីពី អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ច ។ ៦. បទបង្ហាញស្ដីពី ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទកុមារលើប្រព័ន្ធអនឡាញ ដោយភ្ជាប់ជាមួយនឹងការចាក់បញ្ចាំងអំពីខ្សែវីដេអូ ស្តីពីស្នេហ៍តាមអនឡាញ ។

នៅក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ សិក្ខាកាមក៏បានលើកឡើងជាសំណួរពាក់ព័ន្ធនឹងបទពិសោធន៍ការងារ និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងប្រធានបទខាងលើដែលបានឆ្លើយតបទៅនឹងការអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅតាមវិស័យ និងមូលដ្ឋានរបស់ពួកគាត់ផងដែរ ៕

 

 


   

Official Telegram NCCT Cambodia