Published on 23 Nov, 2023
ពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ "គម្រោងគាំទ្រ និងការពារជនរួចផុតជីវិតដោយអំពេីជួញដូរមនុស្ស រួមទាំងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅកម្ពុជា "
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២២ ខែវិច្ចិកា ឆ្នាំ២០២៣ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ "គម្រោងគាំទ្រ និងការពារជនរួចផុតជីវិតដោយអំពេីជួញដូរមនុស្ស រួមទាំងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅកម្ពុជា " ដែលរៀបចំដោយអង្គការ ការីតាសកម្ពុជា ក្រោយជំនួយរបស់អង្គការ USAID តាមរយៈអង្គការវីនរ៉ក់ ដែលប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលអង្គការការីតាសកម្ពុជា។ អញ្ជេីញចូលរួមក្នុងកម្មវិធីនោះផងដែរមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ទោ រ៉នសុភ័ក្រ្ដវឌ្ឍនា ប្រធានក្រុមជំនួយកិច្ចការបង្ការ ទប់ស្កាត់ តំណាងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោក ម៉ាក់ ធែល័រតំណាងអង្គការវីនរ៉ក់ លោក ថូម៉ាស់វាយ នាយកអង្គការ USAID លោកទេព ចាន់ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលអង្គការការីតាសកម្ពុជា តំណាងក្រសួងសង្គមកិច្ច និងលោកលោកស្រីដែលមកពីអង្គការ USAID អង្គការវីនរ៉ក់ អង្គការការីតាសកម្ពុជា សរុបចំនួន ៥០នាក់។
គោលបំណងនៃពិធីនេះគឺដេីម្បីប្រកាសផ្សព្វផ្សាយអំពីគម្រោងសកម្មភាព ឆ្នាំ២០២៤-២០២៨ របស់អង្គការការីតាសកម្ពុជា ដែលពាក់ព័ន្ធនឹងការគាំទ្រ និងការពារជនដែលរួចផុតពីភាពរងគ្រោះដោយអំពេីជួញដូរមនុស្សនៅកម្ពុជា ក្នុងនោះមាន ការផ្ដល់ជម្រកស្នាក់នៅ ការផ្ដល់សេវាគាំទ្រផ្សេងៗ និងការបណ្ដុះបណ្ដាលវិជ្ជជវៈដល់ពួកគេមុននឹងធ្វេីសមាហរណកម្មត្រឡប់ទៅសហគមន៍វិញ ៕