លោកជំទាវ ជូ ប៊ុនអេង អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ បានអញ្ជើញជាគណៈអធិបតី និងធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សា លើការអនុវត្តអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារនៅកម្ពុជា

BY SOM SIVWIN

Published on 17 Jun, 2022

លោកជំទាវ ជូ ប៊ុនអេង អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ  បានអញ្ជើញជាគណៈអធិបតី និងធ្វើជាវាគ្មិនក្នុងវេទិកាពិភាក្សា លើការអនុវត្តអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារនៅកម្ពុជា

វិទ្យាស្ថានជាតិអប់រំ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ជាអនុប្រធាន គ.ជ.ក និង ជាប្រធានប្រតិភូកម្ពុជា របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ (អ.ស.ប) បានអញ្ជើញ ចូលរួមជាគណៈអធិបតី និងជាវាគ្មិននៅក្នុងវេទិកាពិភាក្សា លើការអនុវត្តអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពី សិទ្ធិកុមារនៅកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ ។ អញ្ជើញចូលរួមក្នុងវេទិកានេះមាន លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ក្រុមជំនួយកិច្ចការសហប្រតិបត្តិជាតិ និងអន្តរជាតិ។

គោលបំណងនៃវេទិកានេះគឺ ដើម្បីឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងកុមារ បានយល់ជ្រួតជ្រាបពី ខ្លឹមសារនៃសេចក្ដីសង្កេតចុងក្រោយ ដើម្បីឱ្យកម្ពុជាអនុវត្តកាន់តែល្អប្រសើរឡើងថែមទៀត ពាក់ព័ន្ធនឹងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ របស់អគ្គលេខាធិការដ្ឋាន ក.ជ.ក បន្ទាប់ពីគណៈប្រតិភូកម្ពុជា បានចូលរួមការពាររបាយការណ៍ជាតិ លើកទី៤ ទី៥ និងទី៦ ស្ដីពី ការអនុវត្តអនុសញ្ញាសិទ្ធិកុមារ ក្នុងកិច្ចប្រជុំលើកទី៩០ របស់គណៈកម្មាធិការសិទ្ធិកុមារ នៃ អ.ស.ប ដែលបានធ្វើកន្លងមក នៅថ្ងៃទី០៥-០៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ។

ក្នុងវេទិកាដ៏មានសារៈសំខាន់នេះក៏មាន ការចូលរួមពីវាគ្មិនចំនួន៣ រូប រួមមាន លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន គ.ជ.ក និង ជាប្រធានប្រតិភូកម្ពុជាការពាររបាយការណ៍ជាតិ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និង ឯកឧត្ដមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ និង ការចែករំលែកបទពិសោធន៍ជាច្រើនជូនដល់វេទិកាទាំងមូល ។

 


   

Official Telegram NCCT Cambodia