លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំ ស្តីពីបែបបទនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅខេត្តបាត់ដំបង

BY SOM SIVWIN

Published on 27 Oct, 2020

សាលាខេត្តបាត់ដំបង៖ ថ្ងៃច័ន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍បានអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីបែបបទនីតិវិធីនៃការកំណត់សញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប និងមានវត្តមានជាគណៈអធិបតីក្នុងកម្មវិធី មានលោកជំទាវ ឧត្តមសេនីយ៍ឯក.វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ព្រះរាជអាជ្ញារងខេត្ត លោកស្រីអភិបាលរង តំណាងអង្គការអេ២១  ។ សមាសភាពសិក្ខាកាមអញ្ជើញចូលរួមក្នុងវគ្គនេះ មន្រ្តីរដ្ឋបាលសាលាខេត្ត សមាជិកគ.ខ.ប.ជ ស្នងការរង មេបញ្ជាការងខេត្ត ប្រធាន/អនុប្រធាន មន្ទីរដែលពាក់ព័ន្ធក្រុមការងារជំនាញអន្តរក្រសួង អភិបាល/អភិបាលរងស្រុកជុំវិញខេត្ត សមាជិកគ.ស.ក.សក្រុង/ស្រុកអង្គការដៃគូរអនុវត្តការងារប្រចាំខេត្តបាត់ដំបងវគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្រ្តីដែលពាក់ព័ន្ធ និងផ្សព្វផ្សាយបន្តនៅសកម្មភាពអនុវត្តការងារ និងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឲកាន់តែមានប្រសិទ្ធភាពខ្ពស់។ បង្កើនការធានាបាននូវការគោរពសិទ្ធិជនរងគ្រោះ ឲទទួលបាននូវសេវាចាំបាច់ដែលជាតំរូវការជាក់ស្តែងបន្ទាន់ផ្អែកលើវិស័យ យេនឌ័រ មុននឹងឈានទៅទទួលបានការដោះស្រាយតាមផ្លូវច្បាប់​​ ការផ្តល់សេវាស្តារនីតិសម្បទា និងសេវាសង្គមដ៏ទៃទៀត ។

ក្រោយពីបានស្តាប់លោកស្រី សុំ ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ផ្តល់នៅមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបរបស់ គ.ខ.ប.ជ រយ:ពេល ១០ខែកន្លងទៅនេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានថ្លែងកោតសរសើរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តបាត់ដំបង មានសំណេះសំណាលជាមួយសិក្ខាកាម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដោយបានបញ្ជាក់ពីកិច្ចការជំនាញ ផ្តាំផ្ញើសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកស្រាប់គ្រូឧទ្ទេសដើម្បីទទួលយកចំណេះដឹងសម្រាប់យកទៅអនុវត្តឲ្យបានល្អចំគោលដៅផងដែរ។ លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ផងដែរអំពីករណីប្រជាពលរដ្ឋយើងកំពុងរងគ្រោះដោយសារទឹកជំនន់ ហើយកំពុងប្រឈមនឹងការប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់ និងបន្តការខ្វះខាតនេះនឹងអាចជួបការលំបាកអូសបន្លាយជាច្រើនខែខាងមុខ ហើយពាក់ព័ន្ធបញ្ហាប្រឈមក្នុងការឆ្លងជម្ងឺកូវីដ-១៩ផងដែរ ខណ:ពេលពួកគាត់បានឆ្លងដែនទៅធ្វើការនៅក្រៅប្រទេស។ លោកជំទាវ បានបន្តថា រាល់បញ្ហាកើតមានឡើងរបស់ប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ គឺជាបន្ទុកទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាយើងដែរ ដូច្នេះហើយទើបយើង បានបន្តបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីថ្នាក់ក្រោមជាតិបានយល់ដឹង នឹងរួមគ្នាទប់ស្កាត់អំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីកុំឲ្យប្រជាពលរដ្ឋទទួលរងគ្រោះដោយសារការជួញដូរនេះហើយ មន្រ្តីជំនាញត្រូវកំណត់អត្តសញ្ញាណការជួញ ដូរមនុស្សនិងជនរងគ្រោះនិងមេខ្យល់ដែលឆ្លៀតឱកាសផងដែរ៕

 


   

Official Telegram NCCT Cambodia