លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមនឹងគណ:ប្រតិភូដែលអញ្ជើញមកពីប្រទេស ឡាវ មីយ៉ាន់ម៉ា វៀតណាម និងអង្គការ IOM ចូលជួបសំដែងការគួរសមជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទែ និងជាប្រធាន គ.ជ.ប.ជ

BY SOM SIVWIN

Published on 07 Feb, 2020

(ទីស្តីការក្រសួងមហាផ្ទៃ) ៖ ថ្ងៃពុធ១២កើត ខែមាឃ  ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី  ០៥កុម្ភ:  ឆ្នាំ២០២០  លោកជំទាវ   ជូ   ប៊ុនអេង  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  និងជាអនុប្រធានអចិន្ត្រៃយ៍  នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)  បានដឹកនាំតំណាងគណ:ប្រតិភូដែលអញ្ជើញមកពីប្រទេសឡាវ  មីយ៉ាន់ម៉ា  វៀតណាម  និងអង្គការ IOM ចូលជួបសំដែងការគួរសមជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទែ និងជាប្រធាន គ.ជ.ប.ជ និងរាយការណ៍អំពីលទ្ធផលនៃអង្គសិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ដែលប្រារព្ធធ្វើអស់រយ:ពេលពីរថ្ងៃកន្លងមកស្តីពី"ការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេសបញ្ជូន"មានកម្ពុជាឡាវ មីយ៉ាន់ម៉ា និងវៀតណាម ។

នៅក្នុងឱកាសចូលជួបសម្ដែងការគួរសមនេះ លោកជំទាវ ជូប៊ុនអេង បានមានប្រសាសន៍ ជម្រាបប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថាគណៈប្រតិភូបានគោរពរាយការណ៍ជូនសម្ដេចក្រឡាហោមអំពីលទ្ធផលនៃកិច្ចប្រជុំដែលកម្ពុជាបានទទួលធ្វើជាម្ចាស់រយៈពេល២ថ្ងៃដោយមានការអញ្ជើញចូលរួមពីប្រតិភូនៃប្រទេសបញ្ជូនពលករទៅ ក្រៅប្រទេស ទាំង ៤ ។ លោកជំទាវបានមានប្រសាសន៍ថាពលករនៃប្រទេសទាំង៤ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម សុទ្ធតែមានស្ថានភាពប្រឈមដូចៗគ្នាក្នុងពេលចេញទៅធ្វើការនៅក្រៅប្រទេសដែលជាប្រទេសគោលដៅ។ ដូច្នេះប្រទេសបញ្ជូនទាំង៤ បានផ្លាស់ប្ដូរយោបល់គ្នាអំពីបទពិសោធន៍រៀងៗ ខ្លួនទាំងចំណុចល្អ និងចំណុចខ្វះខាតដើម្បីបានរៀនសូត្រពីគ្នាទៅវិញទៅមកធ្វើ យ៉ាង ណាឱ្យពលករនៃប្រទេសរៀងៗខ្លួនបានចេញទៅបំពេញការងារដោយស្របច្បាប់ ទទួលបានអត្ថប្រយោជន៍ និងការការពារត្រឹមត្រូវ ។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅកម្ពុជាប្រទេសទាំង៤ បានរួមគ្នារកឃើញនូវដំណោះស្រាយជាក់លាក់ជាច្រើនប៉ុន្តែលោកជំទាវ បានរាយការណ៍ជូនសម្ដេចថាយន្តការនេះត្រូវការការគាំទ្រពីថ្នាក់ដឹកនាំប្រទេស ទាំងការទទួលស្គាល់បញ្ហាដែលមន្ត្រីបច្ចេកទេសបានរកឃើញនិងការដាក់ចេញបន្ថែមនូវដំណោះស្រាយក្នុងកម្រិតសេចក្ដីសម្រេចផ្នែកនយោបាយពីព្រោះ កន្លងមកប្រទេសបញ្ជូនទាំង៤មានតែកិច្ចព្រមព្រៀងជាមួយប្រទេសទទួលពលករ ឬប្រទេសគោលដៅប៉ុណ្ណោះ ពោលគឺ មិនមានយន្តការ ឬកិច្ចព្រមព្រៀងជាមួយគ្នាឡើយ ។បន្ទាប់ពីបានស្ដាប់នូវសេចក្ដីគោរពរាយការណ៍ដូចដែលលោកជំទាវ ដ្ឋលេខាធិការបានបញ្ជាក់នេះមកសម្ដេច ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍ណែនាំបន្ថែមឱ្យមន្ត្រីពាក់ព័ន្ធទាំង៤ប្រទេសបន្តបង្កើនការ សហការគ្នាហើយអ្វីដែលបានរកឃើញនោះសម្ដេចបានជំរុញឱ្យបន្តការអនុវត្ត និងគួរបើកចំហរការចូលរួមពីប្រទេសក្នុងតំបន់ផ្សេងទៀត ដែលមានបញ្ហាប្រហាក់គ្នាដើម្បីបានចូលរួមចែករំលែកបទពិសោធន៍ និងរួមវិភាគទានជាគំនិតក្នុងការ បង្កើតយន្តការសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៕



Official Telegram NCCT Cambodia

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស




Page generated in 0.0088 seconds, with 3 database query and 6 memcache.