ប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ

BY SOM SIVWIN

Published on 04 Nov, 2019

(រាជធានីភ្នំពេញ) ៖  ព្រឹកថ្ងៃព្រហស្បតិ៍  ១១រោច  ខែអស្សុជ ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា  ឆ្នាំ២០១៩ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ   និងជាប្រធានគ.ជ.ប.ជ  ។ផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំ ប្រយុទ្ធប្រឆាំងអំពើ​ជួញដូរមនុស្ស ឆ្នាំ២០១៩-២០២៣ នេះគឺជាផែនទីបង្ហាញ​ផ្លូវ​​ថ្មីមួយ ដែលអនុលោមតាមស្ថានភាព និងសភាពការណ៍​បទ​ល្មើស ដែលបាន​រកឃើញក្នុងតំណាក់កាល៥ឆ្នាំកន្លងមក  ក៏ដូចជាការប្រមើលមើលទៅលើ​លទ្ធ​ភាព​ក្នុងការ​ដោះ​ស្រាយភាពប្រឈមក្នុងរយៈពេលប្រាំឆ្នាំ​ទៅមុខ ។ មិនតែប៉ុណ្ណោះ ផែន​ការយុទ្ធសាស្រ្តនេះ ក៏ជា​មូលដ្ឋានក្នុងការរៀបចំសកម្ម​ភាពនៅ​តាម​ក្រសួង ស្ថាប័ន អង្គភាព​នីមួយៗតាមបណ្តាឆ្នាំ ដែល​ឆ្លើយតបទៅនឹង​ទស្សនៈ​វិស័យ និងគោល​ដៅរួមរបស់ ​គណៈកម្មាធិការ​ជាតិប្រយុទ្ធប្រឆាំងអំពើជួញ​ដូរ​មនុស្ស(គ.ជ.​ប.ជ)។ លទ្ធផលសកម្មភាព​ដែល ក្រសួង-ស្ថាប័ន អង្គភាពជំនាញ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ និងសង្គម​ស៊ីវិលធ្វើឲ្យសម្រេចបានកន្លងមក បានបញ្ជាក់​អំពីការប្តេជ្ញា​ចិត្តក្នុងការរួមចំណែក​ដល់​ការបង្ការទប់ស្កាត់​បទល្មើសជួញដូរមនុស្ស និងបានបន្តពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាការជួយ​ផ្តល់កិច្ចការពារដល់ជនរងគ្រោះគ្រប់ភេទ គ្រប់វ័យផងដែរ ។ បន្តទៅនេះ សកម្មភាពទាំងឡាយគប្បីចាប់ផ្តើមពី​ការកែលម្អចំណុចខ្វះខាត និងពង្រឹងតួ​នាទីរបស់ស្ថា​ប័ន​ក្នុងការអនុវត្តភារកិច្ច តាមដាន វាយតម្លៃ និងគ្រប់គ្រងឲ្យបានល្អប្រសើរ រៀបចំ​ផែនការសកម្ម​ភាព​លម្អិត​តាមស្ថាប័ន និងជំរុញអនុវត្តឲ្យខាងតែបាន ដើម្បី​បង្កើនភាព​ជឿជាក់ និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ​ក្នុងការទទួល​បានសុវត្ថិភាព ។     

គួររំលឹកផងដែរថា ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  ដែលរៀបចំដោយ​គណៈ​​កម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើ​ជួញ​ដូរមនុស្ស(គ.ជ.ប.ជ) គឺ៖ លើកទី១គឺ «ផែនការសកម្មភាព សម្រាប់ឆ្នាំ២០១១-២០១៣» ,លើកទី២គឺ «ផែនការសកម្មភាពជាតិ​សម្រាប់ឆ្នាំ២០១៤-២០១៨», លើកទី៣ គឺ «ឯកសារផែនការយុទ្ធសាស្រ្ត​ជាតិ ៥ឆ្នាំ ២០១៩-២០២៣» នេះ ។​ កិច្ចប្រជុំពិភាក្សាថ្នាក់ជាតិ ត្រូវបានធ្វើឡើង បន្ទាប់ពីផែនការសកម្មភាពជាតិ ឆ្នាំ២០១៤-២០១៨​ ត្រូវបានបញ្ចប់ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំបន្ត (២០១៩-២០២៣) ដោយ​មាន​ការចូលរួមពីគ្រប់​សមាស​ភាព​ក្នុងគណៈកម្មាធិការជាតិគ.ជ.ប.ជ ទាំងនៅថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ ព្រម​ទាំង​ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិយ៉ាង​ច្រើនកុះករ។ ការវាយតម្លៃពាក់​កណ្តាលអាណត្តិនៃផែនការជាតិ ក្នុងឆ្នាំ២០១៦ អំពី​ប្រសិទ្ធ​ភា​ព ផល​ប៉ះ​ពាល់ ភាពប្រឈម និង​ចំណុច​ខ្វះ​ខាតផ្សេងៗ បានផ្តល់ជាធាតុចូល សម្រាប់ការ​កសាង «ឯកសារ​ផែន​ការ​គោល» មួយ ដើម្បី​ជួយតម្រង់ទិស​​កែលម្អការអនុវត្តនៅឆ្នាំបន្ត​ទៀត ។ ឯកសារផែនការគោលនេះ ក៏ត្រូវបានប្រើប្រាស់ជាមូលដ្ឋានបង្អែក​សម្រាប់​ការ​កសាងផែនការយុទ្ធសាស្រ្ត៥ឆ្នាំ (២០១៩-២០២៣) គួបផ្សំជាមួយការពិគ្រោះយោ​បល់បន្ថែម ​ជា​បន្ត​បន្ទាប់​​ជា​មួយ​ក្រសួង ស្ថាប័ន រាជធានី​ខេត្ត និងដៃគូអភិវឌ្ឍន៍​ពាក់ព័ន្ធ ។ ទីបំផុត «ផែនការយុទ្ធសាស្រ្តជាតិប្រយុទ្ធប្រឆាំងអំពើជួញ​ដូរ​មនុស្ស ២០១៩-២០២៣» នេះ ត្រូវ​បាន​ប្រកាស​ឲ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មាធិការជាតិ ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅខែតុលា ឆ្នាំ​២០១៩ ដោយមានថ្នាក់ដឹកនាំក្រសួងស្ថាប័នជាសមាជិក តំណាងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា មន្រ្តីជំនាញ អង្គការដៃគូជាតិ និងអន្តរជាតិ និងគណៈកម្មាធិការរាជធានី-ខេត្ត អង្គការ ដៃគូអភិវឌ្ឍ-ឯកជន ពាក់ព័ន្ធជាច្រើនរូប  ដើម្បីបានជ្រាប និងទទួលអនុវត្ត   ៕ 

 

 


   

Official Telegram NCCT Cambodia