បទល្មើសជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលកាន់តែស្រួចស្រាល និងគ្រោះថ្នាក់ជាទីបំផុតដល់មនុស្សជាតិ
BY HAKLIENGPublished on 12 Dec, 2017
រាជធានីភ្នំពេញ៖ កាលពីថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ រៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងស្ថានទូត សាសាស្រ្តាចារ្យ ព្រះសង្ឈ តាជី យាយជី ប្រជាពលរដ្ឋ និស្សិត សិស្ស និងតំណាងស្ថាប័ន អង្គភាព អង្គការ សមាគមនានា ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រហែលជាង ៣០០០ អង្គ/នាក់។
សម្តេចក្រឡាហោម បានបញ្ជាក់ អំពីជំហររបស់រាជរដ្ឋាភិបាល កម្ពុជាជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកអំពើជួញដូរមនុស្ស ជាបទឧក្រិដ្ឋ និងប្តេជ្ញាចិត្តទប់ស្កាត់ និង បង្ក្រាបបទល្មើសនេះឲ្យបានខ្លាំងក្លា ដោយមិនអនុញ្ញាតឲ្យជនល្មើសមាន ឱកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋដោយមិនបានឆ្លើយតបនោះឡើយ។ សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា៖ (បទល្មើសជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលកាន់តែស្រួចស្រាល និងគ្រោះថ្នាក់ជាទីបំផុតដល់មនុស្សជាតិ) ជាពិសេស ក្នុងចំណោមពលករទេសន្តរប្រវេសន៍ ដែលបានចាកចេញទៅធ្វើការងារនៅក្រៅប្រទេស និងជនភៀសខ្លួន ទាំងក្មេង ចាស់ ប្រុស ស្រី ដោយមិនរើសមុខ ។ ក្នុងពេលកន្លងទៅព្រះរាជាណាចក្រកម្ពុជា បានដោះស្រាយបញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីរក្សានូវតុល្យភាពនៃតម្រូវការ និងការផ្គត់ផ្គង់ ព្រមទាំងពង្រឹងសន្តិសុខដល់ប្រជាពលរដ្ឋ និងភ្ញៀវបរទេសទាំងឡាយ ឲ្យស្នាក់នៅក្នុងកម្ពុជាប្រកបដោយភាពកក់ក្តៅ មានសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្ត ។
ព្រះរាជាណាចក្រកម្ពុជា គាំទ្រការធ្វើទេសន្តរប្រវេសន៍ ដែលមានសុវត្ថិភាព រៀបរយ និងស្របច្បាប់ ដើម្បីបញ្ចៀសហានិភ័យរបស់ពលករពីការកេងប្រវ័ញ្ច ការរំលោភបំពាន និង ការរត់ពន្ធជនទេសន្តរប្រវេសន៍ និង រាល់ទម្រង់នៃអំពើជួញដូរមនុស្ស ។ ព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវការរក្សានូវតុល្យភាពនៃកម្លាំងពលកម្មក្នុងស្រុក ដែលជាសេចក្តីត្រូវការសម្រាប់ការអភិវឌ្ឍរបស់ខ្លួនផងដែរ។ក្នុងន័យនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖
ទី១. រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍តាមរយៈខិតខំជួយពលករដែលធ្វើការនៅបរទេស ដើម្បីធានាបាននូវផលប្រយោជន៍ស្របច្បាប់ និងជួយផ្តល់ភាពស្របច្បាប់ដល់ពលករ ។
ទី២. រាជរដ្ឋាភិបាលកំពុងសហការជាមួយប្រទេសជាដៃគូទទួលស្គាល់ពលករដែលមានជំនាញទៅវិញទៅមកជាមួយកម្ពុជា ។
ទី៣. រាជរដ្ឋាភិបាលកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរបបសន្តិសុខសង្គម ដោយធានាចំពោះពលករស្របច្បាប់ នៅគ្រប់ប្រទេសនៅពេលមានគ្រោះថ្នាក់ដល់ជីវិត ឲ្យទទួលបានសំណងតាមច្បាប់។ ពលករទាំងអស់អាចផ្ទេរប្រាក់ធានារ៉ាប់រងសង្គម គ្រោះថ្នាក់ការងារ និងប្រាក់ធានារ៉ាប់រងសុខភាពមកក្រុមគ្រួសារពលករនៅស្រុកកំណើត។
ទី៤. រាជរដ្ឋាភិបាលកំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធននិវត្តន៍ដោយពលករអាចផ្ទេរសមាជិកភាព អតីតភាពការងារ និងការបង់វិភាគទាន បេឡាសន្តិសុខសង្គមពីប្រទេសមួយ បន្ទាប់ពីបានបញ្ចប់កិច្ចសន្យាការងារ ដើម្បីធ្វើជាមូលដ្ឋានគិតប្រាក់សោ ធននិវត្តន៍ ហើយផលប្រយោជន៍ទាំងនោះពលករនឹងទទួលបាននៅឆ្នាំ២០១៩។
ទី៥. រាជរដ្ឋាភិបាលកំពុងសម្រួលបែបបទជូនពលករនៅបរទេសអាចផ្ទេរសិទ្ធិជូនគ្រួសារនៅក្នុងប្រទេសឲ្យធ្វើជាតំណាង ដើម្បីស្នើសុំលិខិតថ្កោលទោស លិខិតរដ្ឋបាល ឬលិខិតបញ្ជាក់ អត្តសញ្ញាណផ្ទាល់ខ្លួន ដោយពុំចាំបាច់ឲ្យសាមីខ្លួនវិលត្រលប់មកស្រុកកំណើតវិញ។ ដោយឡែកសម្រាប់ពលករធ្វើការនៅប្រទេសថៃ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ឯកសារថតចម្លងត្រឹមត្រូវតាមច្បាប់ដើម ដើម្បីបំពេញបែបបទស្របច្បាប់ ។ ទាំងនេះគឺជាអត្ថប្រយោជន៍សម្រាប់ពលករទេសន្តរប្រវេសន៍ ។
ចំណែកឯពលករក្នុងស្រុក រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងលើកកម្ពស់សិទ្ធិនិងអត្ថប្រយោជន៍ស្របច្បាប់ជាច្រើនតាមរយៈការដាក់ចេញ នូវគោលនយោបាយជាបន្តបន្ទាប់ជាអាទិ៍ដូចជាការ តម្លើងបៀវត្សរៀងរាល់ឆ្នាំ ការផ្តល់របបសោធននិវត្តន៍ដល់កម្មករ ការលើកកម្ពស់លក្ខខណ្ឌការងារសមស្រប ការផ្តល់ឱកាសឲ្យស្រ្តីមានផ្ទៃពោះ និងស្រ្តីមានទារក បានទទួលនូវអត្ថប្រយោជន៍បន្ថែមជាដើម ។ មិនតែប៉ុណ្ណោះការលើកកម្ពស់ កម្រឹតជំនាញបច្ចេកទេសរបស់ពលករ ក៏ត្រូវបាន និងកំពុងតែយកចិត្តទុកដាក់ផងដែរ ។
សម្តេចក្រឡាហោម មានប្រសាសន៍បន្តថាក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងក្នុងនាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រកាសជាឱឡារិកក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧នេះ ចំពោះមុខសហគមន៍ជាតិ និងអន្តរជាតិ នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដោយៈ បន្តខិតខំប្រឹងប្រែង ដើម្បីឲ្យប្រជាជនកម្ពុជា និងមនុស្សជាតិ ទទួលបានការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ស្របច្បាប់ និងភាពសុខុដុមរមនា ដោយរួមសហការជាមួយបណ្តាដៃគូពាក់ព័ន្ធនានា ក្នុងតំបន់ និងលើពិភពលោក ដើម្បីរួមគ្នាបង្ក្រាបអំពើជួញដូរមនុស្សគ្រប់រូបភាព និងផ្តន្ទាទោសជនល្មើសឲ្យបានម៉ឺងម៉ាត់ដើម្បីកាត់បន្ថយ និងលុបបំបាត់ប្រសិទ្ធភាពបទល្មើស ។