អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបើកកិច្ចប្រជុំកម្រិតបច្ចេកទេសពិនិត្យ ពិភាក្សាឆ្លងរបាយការណ៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

BY SOM SIVWIN

Published on 19 Nov, 2024

ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ មានបើកកិច្ចប្រជុំកម្រិតបច្ចេកទេស ពិនិត្យ ពិភាក្សាឆ្លងរបាយការណ៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកជំទាវ លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ មឹន ម៉ាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ ឡាយ ណាវីន រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម កែន សត្ថា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវ សៅ សុគន្ធារី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ គង់ ស៊ីផា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម កែវ សុធា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ពេជ្រ បួងឃាង អនុរដ្ឋលេខាធិការក្រសួងផែនការ លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកជំទាវ សុន សុខាលីដា អគ្គនាយក ក្រសួងយុត្តិធម៌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគេបាលជាតិ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៨៩ រូប ស្រី ២២ រូប ។ កិច្ចប្រជុំធ្វើឡើងក្នុង គោលបំណងត្រួតពិនិត្យ ផ្ទៀងផ្ទាត់លើរបាយការណ៍ពាក់ពន្ធការងារជួញដូរមនុស្សដែលបណ្ដាក្រសួង ស្ថាប័នបានអនុវត្តកន្លងមក និងពិភាក្សាកែសម្រួល រកធាតុចូលបន្ថែមលើរបាយការណ៍ដែលបានចងក្រង ។

នៅក្នុងកិច្ចប្រជុំពិភាក្សានោះផងដែរ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងពីស្ថានភាព អំពើជួញដូរមនុស្សនៅកម្ពុជា ដែលបានកើតឡើងជាបន្តបន្ទាប់ នូវករណីបទល្មើសការពពោះជំនួស ដែលកាលពីមុន គឺបានកើត ឡើងលើពលរដ្ឋខ្មែរ ប៉ុន្តែដោយសារកម្ពុជាមានច្បាប់ហាមឃាត់មិនឲ្យពពោះជំនួស ករណីនេះ មានការស្ងប់ស្ងាត់ទៅវិញ ។ លោកជំទាវ បានបន្តថា ប៉ុន្តែនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានការផ្ទុះកើត ឡើងទៀតចំពោះករណីបទល្មើសនេះ ដែលបង្កដោយជនបរទេស គឺមានជនបរទេស ដែលបានស៊ីឈ្នួលពពោះឲ្យបរទេសផ្សេងទៀត ហើយពួកគេបានមកសម្ងំ រស់នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានសមត្ថកិច្ចរកឃើញ និងបានបញ្ជូនពួកគេទៅកាន់ប្រទេសសម៉ីវិញ។ លោកជំទាវរដ្ឋលេខាធិការ បានបន្ថែមថា ករណីទាំងអស់នោះ កម្ពុជាមិនបានបញ្ចេញ ព័ត៌មានឲ្យមានការផ្សព្វផ្សាយ ព្រោះមិនចង់ឲ្យមានការប៉ះពាល់មិត្តភាពនៃប្រទេសទាំងនោះប៉ុន្តែបែរជាមានការបែកធ្លាយ នៅក្នុងប្រទេសដែលមានពលរដ្ឋខ្លួន បានប្រព្រឹត្តិបទល្មើសនេះ ហើយបានផ្សព្វផ្សាយរបៀបដាក់បន្ទុកលើកម្ពុជាដែលបញ្ហានេះធ្វើឲ្យមានការប៉ះពាល់ដល់កម្ពុជាផងដែរ ។ជាមួយនេះ លោកជំទាវ ជូ ប៊ុនអេង បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំទប់ ស្កាត់នូវករណីនេះ កុំឲ្យមានកើតឡើងទៀត នៅក្នុងទឹកដីកម្ពុជា ជាមួយនឹងការប្រឹងប្រែងទប់ ស្កាត់បទល្មើសអំពើជួញដូរមនុស្សផ្សេងៗទៀតដែលកំពុងកើតឡើង និងធ្វើឲ្យមានការព្រួយបារម្ភនៅទូទាំងពិភពលោកខណៈករណីជាច្រើនកើតឡើងតាមរយៈប្រព័ន្ធ អនឡាញ ៕


   

Official Telegram NCCT Cambodia