Published on 15 Dec, 2022
អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២២ លើកទី១៦ !
សាលមហោស្រពកោះពេជ្រ៖ នារសៀលថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជានៅសាលមហោស្រពកោះពេជ្រ ។
ក្នុងកម្មវិធីនោះផងដែរ ការមានការយាង និងនិមន្តរបស់ព្រះថេរានុត្ថេរ:គ្រប់ព្រះអង្គ និងការអញ្ជើញចូលរួម ផ្តល់កិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគ្រប់ស្ថាប័ន រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល តំណាងអង្គទូត និងស្ថានបេសកកម្មនៃប្រទេសជាមិត្តនានា ដែលមាននិវេសនដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោក ជំទាវ តំណាងអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យរដ្ឋ និងឯកជន ឯកឧត្តម លោកជំទាវ អគ្គស្នងការ អគ្គស្នងការរង មេបញ្ជាការ មេបញ្ជាការរង លោកជំទាវអភិបាល អភិបាលរងរាជធានីខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ កងកម្លាំងគ្រប់ប្រភេទ ទាំងជើងទឹក ជើងគោក ជើងអាកាស លោក លោកស្រីជាតំណាងផ្នែកឯកជន សង្គមស៊ីវិល តំណាងកម្មករ និយោជិត បុព្វជិតសាសនាគ្រប់និកាយ ភ្ញៀវជាតិ អន្តរជាតិ យាយជី តាជី ក្មួយៗយុវជន យុវនារី និស្សិត សិស្សានុសិស្ស ក្រុមយុវជនកាយរឹទ្ធ និងយុវជនកាកបាតក្រហមកម្ពុជា ប្រជាពលរដ្ឋ ដែលសរុបប្រមាណជាង ៣០០០ អង្គ/នាក់ ។
គោលបំណងនៃការប្រារព្ធទិវាជាតិ១២ធ្នូនេះ គឺដើម្បីបញ្ជាក់ជូនជនរួមជាតិ និងសហគមន៍អន្តរជាតិឲ្យបានជ្រាបថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តកិច្ចខិតខំប្រឹងប្រែងនិង យកចិត្តទុកដាក់កាន់តែខ្លាំងក្លាក្នុងការការពារប្រជាពលរដ្ឋ ប្រទេសជាតិពីភាពរងគ្រោះទាំងឡាយដោយឧក្រឹដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្ម ជាថ្មីដល់មនុស្សជាតិ ហើយបាន និងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម ។ មិទ្ទិញអបអរសាទរនេះ ក៏បានបង្ហាញនូវស្មារតីសាមគ្គីភាព ជាមួយដៃគូរពាក់ព័ន្ធជាតិ និងអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសុវត្ថិភាព និងការអភិវឌ្ឍន៍ជាតិ។ មិទ្ទិញអបអរសាទរ១២ធ្នូនេះផងដែរ ក៏ជាការរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់ សន្តិសុខសុវត្ថិភាពសង្គម និងសន្តិសុខជាតិឲ្យមានស្ថេរភាព ដើម្បីធ្វើជាមូលដ្ឋានគ្រិះនៃការអភិវឌ្ឍន៍ជាតិគ្រប់វិស័យស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ យុទ្ធនាការនេះនឹងបន្តធ្វើយ៉ាងគគ្រឹកគគ្រេងផងដែរ តាមបណ្តាខេត្ត និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕