សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ទទួលនូវគ្រឿងឥស្សរិយយស មេដាយមាស«មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» Great Wall Commemorative Medal ក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកល

BY SOM SIVWIN

Published on 01 Dec, 2022

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ  បានអញ្ជើញចូលរួមទទួល មេដាយមាស Great Wall Commemorative Medal ក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកល ។ នាឱកាសនោះ សម្ដេច ស ខេង បានថ្លែងនូវសេចក្តីសោមនស្សរីករាយ ដែលត្រូវបានរដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ផ្ដល់នូវគ្រឿងឥស្សរិយយស «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» ក្នុងឱកាសនៃការប្រារព្ធពិធីដ៏មហោឡារិក វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល លើកទី ៦ ឬហៅថា វេទិកា «លានស៊ីនកាង» (Lianyungang) តាមរយៈវីដេអូពីចំងាយ Conference  ។

មានប្រសាសន៍ ចាប់អារម្មណ៍ក្នុងកម្មវិធីសម្តេចបានថ្លែងយ៉ាងដូច្នេះ ការទទួលបាននូវគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃដ៏វិសេសវិសាលនេះ គឺជាមោទនភាពសម្រាប់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាស្ថាប័នទទួលខុសត្រូវក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។សម្ដេច បន្ថែមថា ក្នុងន័យនេះ «មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង» មិនត្រឹមតែជាការលើកទឹកចិត្តសម្រាប់សម្ដេចផ្ទាល់ ព្រមទាំងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយបន្ថែមទៀត ដល់សមត្ថកិច្ចអនុវត្តច្បាប់របស់កម្ពុជាទាំងមូល ក្នុងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើដល់បុព្វហេតុ ជាតិ និងប្រជាជន។ សម្ដេច ឧបនាយករដ្ឋមន្ដ្រី ក៏បានចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះ លោក-លោកស្រី ជាថ្នាក់ដឹកនាំស្ថាប័នអនុវត្តច្បាប់ នៃបណ្តាប្រទេសជាមិត្ត ដែលជាជ័យលាភីនៃមេដាយអនុស្សាវរីយ៍មហាកំពែង នាឱកាសនេះ ហើយការទទួលបាននូវគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមនេះ ពិតជាឆ្លុះបញ្ចាំង និងជាសក្ខីភាព នៃកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់ដ៏ធំធេងក្នុងបុព្វហេតុជាតិ និងប្រជាជន។

សម្ដេច ឧបនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា «រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំងគ្រប់ប្រភេទ រាប់ទាំងអំពើជួញដូរ និងរត់ពន្ធមនុស្ស ហើយបញ្ហានេះមិនអាចប្រទេសណាមួយអនុវត្តតែឯកឯងបាននោះទេ គឺទាមទារចាំបាច់នូវកិច្ចសហការទាំងនៅក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ» ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ តាងនាមថ្នាក់ដឹកនាំ និងមន្រ្តី របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានលោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ និងលោកជំទាវ ឧ.ឯក អគ្គលេខាធិការ មានក្តីសោមនស្សរីករាយ  នឹងបានផ្ញើលិខិតអបអរសាទរគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយកមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែមានការរីកចម្រើនជានិរន្តក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  ៕


   

Official Telegram NCCT Cambodia