Published on 29 Oct, 2022
អបអរសាទរ ព្រះរាជពិធីបុណ្យខួប លើកទី១៨ ការយាងគ្រងព្រះបរមរាជសម្បត្តិ របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាវេលាថ្ងៃសៅរ៍ ៥កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គគឺជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្តមសីហមុនី និងព្រះមាតាព្រះនាម នរោត្តម មុនីនាថ សីហនុ ។ សម្តេចព្រះនរោត្តម សីហមុនីមានព្រះរៀមនិងព្រះអនុជម្តាយទីទៃសរុបចំនួន១៣អង្គ។ ព្រះអង្គមានព្រះអនុជបង្កើតតែមួយអង្គគត់គឺសម្តេចនរោត្តម និន្ទ្រពង្ស ដែលទ្រង់ប្រសូតនៅឆ្នាំ ១៩៥៤ ហើយសុគតនៅឆ្នាំ ២០០៣។ព្រះបាទនរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី ព្រះបិតារបស់ទ្រង់បានដាក់រាជ្យកាលពីថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០០៤។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការគឺត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានព្រះបរមនាមថា« ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី» ដែលត្រូវបានប្រែថា «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព ។
នាឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ សូមប្រោះព្រំសព្ទសាធុកាពរសិរីសួស្តី ជ័យមង្គល វិបុលសុខ បវេមហាប្រសើរថ្វាយ ព្រះករុណាជាងម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាចៀសផុតពីព្រះរោគាព្យាធិទាំងឡាយទាំងពួង និងសូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមសម្រាប់ប្រជារាស្រ្តខ្មែរជានិរន្តរ៍តរៀងទៅ ។