យុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត ក្រោមប្រធានបទ « រួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ទិកុមារ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយទំនួលខុសត្រូវ »

BY SOM SIVWIN

Published on 09 Feb, 2022

យុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត ក្រោមប្រធានបទ « រួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ទិកុមារ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយទំនួលខុសត្រូវ »

វិទ្យាស្ថានជាតិអប់រំ៖ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង បានចូលរួមជាអធិបតី ក្នុងយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត ក្រោមប្រធានបទ « រួមគ្នាលើកកម្ពស់ ការពារ និងគោរពសិទ្ទិកុមារ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញប្រកបដោយទំនួលខុសត្រូវ » ការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត ដែលអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងក្រសួងអប់រំ យុវជន និងកីឡា បានសហការរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការ Aple Cambodia និងសហការឧបត្ថម្ភដោយ អង្គការ Plan International Cambodia អង្គការ UNICEF និងក្រុមហ៊ុន Smart Axiata ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដូចជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងប្រៃសណី និទូរគមនាគមន៍កម្ពុជា ក្រសួងយុត្តិធម៌ ក្រសួងធម្មការ និងសាសនា ក្រុមប្រឹក្សាជាតិដើម្បីកុមារ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទចល័ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណ៣៥០នាក់ ។

យុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធើណិតឆ្នាំ២០២២ នឹងប្រារព្ធឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ការយល់ដឹងយ៉ាងទូលំទូលាយអំពីសុវត្ថិភាពអ៊ីនធើណិត ជាពិសេសលើកកម្ពស់ឱ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងប្រកបដោយទំនួលខុសត្រូវ សេចក្តីគោរព ការគិតពិចារណា និងភាពច្នៃប្រឌិត ព្រមទាំងដើម្បីផ្សព្វផ្សាយទៅដល់កុមារ និងយុវជនវ័យក្មេង ឪពុកម្តាយ និងអ្នកថែទាំកុមារ គ្រូបង្រៀន អ្នកអប់រំ បុគ្គលិកសង្គម ក្រុមហ៊ុនអ៊ីនធើណិត អ្នកធ្វើការសម្រេចចិត្ត និងអ្នកនយោបាយ ដើម្បីលើកទឹកចិត្តអោយមានការចូលរួមចំណែកក្នុងការបង្កើតប្រព័ន្ធអ៊ីនធើណិតដ៏ល្អប្រសើរមួយ។​ នៅប្រទេសកម្ពុជា យុទ្ធនាការសុវត្ថិភាពអ៊ីនធើណិត ត្រូវបានផ្តួចផ្តើមប្រារព្ធឡើងដោយអង្គការសកម្មភាពដើម្បីកុមារ (APLE) ដែលជាអង្គការប្រយុទ្ធប្រឆាំងអំពើរំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងជាដៃគូគាំទ្រមួយប្រចាំប្រទេសកម្ពុជានៃគណៈកម្មាធិការរៀបចំទិវាសុវត្ថិភាពអ៊ីនធើណិត (Safer Internet Day Committee) ចាប់តាំងពីឆ្នាំ២០១៩​ មកម្ល៉េះ។ ជាក់ស្តែងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ អង្គការសកម្មភាពដើម្បីកុមារ ដោយទទួលបានកិច្ចសហការយ៉ាងជិតស្និតពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)  និង ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការឧបត្ថម្ភថវិកាគាំទ្រដោយអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា (UNICEF Cambodia) និងទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក (USAID) ក៏បានរៀបចំយុទ្ធនាការនេះឡើង​ ដោយកំណត់ជាយុទ្ធនាការគាំទ្រ “ទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធើណិត និងលើកកម្ពស់សីលធម៌ដើម្បីសុវត្ថិភាពសង្គម” ក្រោមប្រធានបទ៖ “រួមគ្នាធ្វើឱ្យអ៊ីនធើណិតកាន់តែមានសុវត្ថិភាពសម្រាប់កុមារ” ជាមួយកុមារ យុវជន លោកគ្រូ-អ្នកគ្រូ មន្ត្រីរដ្ឋាភិបាល អាជ្ញាធរ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល ។ 

មានមតិចាប់អារម្មណ៍ក្នុងអង្គពិធី លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា «សម័យកាលអ៊ិនធើណេត ពិតជាបាន និងកំពុងរីកចម្រើនខ្លាំង និងបានផ្តល់នូវផលប្រយោជន៍ច្រើនទៀត សម្រាប់យុវជន និងកុមារ ដែលកំពុងស្ថិតក្នុងវ័យដែលកំពុងចង់ចេះ ចង់ដឹង ចង់ស្វែងយល់ ចង់ស្រាវជ្រាវ ចង់បង្កើតថ្មី ចង់សាកល្បង និងចង់បង្កើតជំនាញច្នៃប្រឌិតថ្មី ដែលជាចំណង់ចំណូលចិត្ត និងជាសេចក្តីត្រូវការ មិនអាចខ្វះបាន ។ ទន្ទឹមនឹងនោះ អ្នកដែលស្ថិតក្នុងវ័យកណ្តាល ឬមនុស្សចាស់ ក៏កំពុងតែរត់ប្រដេញជាមួយវិទ្យាសាស្រ្តទំនើបនេះផងដែរ ដើម្បីទទួលបានផលប្រយោជន៍ក្នុងការងារ មុខរបរ និងការប្រាស្រ័យទាក់ទងច្រើនរាប់មិនអស់ និងតម្រូវការរបត់ថ្មី នៃរបៀរបបរស់នៅក្នុងសង្គម ។ ទោះបីជាយ៉ាងនេះក្តី ទំហំ និងល្បឿននៃការរីកចម្រើនផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា មិនសមាមាត្រនឹងការយល់ដឹងរបស់អ្នកប្រើប្រាស់ ជាពិសេសមនុស្សវ័យក្មេង ដែលមិនមានសមត្ថភាពក្នុងការត្រិះរិះពិចារណា អំពីអ្វីដែលគួរ និងអ្វីដែលមិនគួរ ។ ទន្ទឹមនឹង នឹងផលប្រយោជន៍ដ៏មហាសាល ការប្រើបច្ចេកវិទ្យា ក៏អាចបំផ្លាញ និងបង្កើតនូវគ្រោះថ្នាក់ដែលមិនអាចប៉ាន់ស្មានបាន ។ គ្រាន់តែក្នុងពេលដែលយើងកំពុងអង្គុយនៅទីនេះ រាប់លានទិន្នន័យ កំពុងតែត្រូវបានបង្ហោះក្នុងប្រព័ន្ធអនឡាញ ទាំងវិជ្ជមាន ទាំងអវិជ្ជមាន ។ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភ គឺ ការប្រើប្រាស់ប្រព័ន្ធអ៊ិនធ័រណេតច្រើនហួសហេតុ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស ជាពិសេស ការលូតលាស់របស់កុមារ ដូចជា ការធ្វើឲ្យខូចប្រព័ន្ធចក្ខុវិញ្ញាណ ដោយសារតែការប្រឹងសម្លឹងរយៈពេលយូរ និងក្នុងកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់ ការប៉ះពាល់ដល់ដំណេកមិនគ្រប់គ្រាន់ កង្វះលំហាត់ប្រាណ ឬការសម្រាកលំហែ បន្ធូរបរិយាកាស ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ឬសាច់ដុំ ឬភាពលូតលាស់ចាំបាច់ដទៃទៀតជាដើម ។ មួយវិញទៀតជាប់អារម្មណ៍ហួសហេតុក្នុងប្រព័ន្ធអ៊ិនធ័រណេត ជាពិសេស ហ្គេម ក៏បានកាត់ផ្តាច់ទំនាក់ទំនងជាមនោសញ្ចេតនារវាងសមាជិកក្រុមគ្រួសារ ញាតិមិត្ត ជុំវិញខ្លួន និងក្លាយជាមនុស្ស ដែលបាត់បង់អារម្មណ៍ជាធម្មជាតិ ដែលមនុស្សត្រូវការជាចាំបាច់ ។ មានផលប៉ះពាល់ជាច្រើនទៀត ដែលឧក្រឹដ្ឋជន ឬជនឆ្លៀតឱកាស បានប្រើប្រាស់ប្រព័ន្ធអ៊ិនធ័រណេត សម្រាប់ការទាក់ទាញឲ្យលង់ក្នុងការបោកប្រាស់ ធ្វើតាមការបង្គាប់បញ្ជា រួមទាំងការបង្ហាញរូបកាយតាមបែបអាសអាភាស ឬការទាក់ទាញយកទៅបំផ្លាញសេចក្តីថ្លៃថ្នូរ រំលោភបំពាន ជួញដូរ ឬការកេងប្រវ័ញ្ចដទៃទៀត ធ្វើឲ្យយុវវ័យ កុមារ និងស្រ្តី រងគ្រោះកាន់តែច្រើនឡើង ។ ដូច្នេះ ការគ្រប់គ្រងពេលវេលាប្រើប្រាស់ ការជ្រើសរើសយកផលប្រយោជន៍ពីការប្រើប្រាស់ ការបោះបង់ទំនាក់ទំនងដែលមិនច្បាស់លាស់ និងដែលគួរឲ្យសង្ស័យ គឺជាភាពចាំបាច់ សម្រាប់ការធ្វើឲ្យមានសុវត្ថិភាពក្នុងការប្រើប្រាស់ អ៊ិនធ័រណេត ។ គ្រប់គ្នា ត្រូវចេះជួយក្រើនរំលឹកខ្លួនឯង មិត្តភក្តិ អ្នកជុំវិញខ្លួន ពីគ្រោះថ្នាក់ដោយការប្រើប្រាស់អ៊ិនធ័រណេត ដោយគ្មានការទទួលខុសត្រូវ និងត្រូវចេះប្រើប្រាស់ឲ្យមានផលប្រយោជន៍ និងប្រកបដោយគុណធ៌ម និងសុវត្ថិភាព » ។ (អត្ថបទ រូបភាព៖ ការិយាល័យអប់រំផ្សព្វផ្សាយ លេខាធិការដ្ឋានគ.ជ.ប.ជ)


   

Official Telegram NCCT Cambodia