ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារឆ្នាំ២០២១-២០២៥ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ

BY SOM SIVWIN

Published on 14 Jul, 2021

(អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ)៖  ព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងជាអនុប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ រួមនិងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារឆ្នាំ២០២១-២០២៥ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិដើម្បីកុមារ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន ឯកឧត្តម តំណាងអង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងពីស្ថាប័នយុត្តិធម៌ ស្ថាប័នតុលាការ ព្រះរាជអាជ្ញា តំណាងពីគណៈមេធាវីកម្ពុជា លោកជំទាវតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធ ជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សាជាតិដើម្បីកុមារ តំណាងពីអង្គការដែនដីមនុស្សហូឡង់ តំណាងអង្គការយូនៅសេហ្វ (UNICEF) ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានលោកជំទាវ អគ្គលេខាធិការ អគ្គលេខាធិការរង ទទួលបន្ទុកការងារជួយជនរងគ្រោះ ការងារសហប្រតិបត្តិការជាតិ អន្តរជាតិ ទីប្រឹក្សា នៃគ.ជ.ប.ជ តំណាងពីអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគបាលរាជធានី-ខេត្ត តំណាងពីបញ្ជាការដ្ឋានអាវុធហត្ថ អភិបាល អភិបាលរងខេត្ត តំណាងពីអង្គការដៃគូរអភិវឌ្ឍពាក់ព័ន្ធ សហគ្រាសឯកជន តំណាងកុមារទូទាំងប្រទេស ប្រមាណជិត ៤០០នាក់ ។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ច ផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ រៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញ លើកកម្ពស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស តួអង្គយុត្តិធម៌ ព្រហ្មទណ្ឌ អ្នកអនុវត្តច្បាប់ និងអង្គការដៃគូពាក់ព័ន្ធ ដើម្បីទទួលយកផែនការ សកម្មភាព ដើម្បីបង្ការទប់ស្ដាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញ ឆ្នាំ ២០២១-២០២៥ មកអនុវត្ត ដោយផ្សារភ្ជាប់នឹងផែនការយុទ្ធសាស្ដ្ររបស់ ក្រសួង ស្ថាប័នសាមី ៕

 


   

Official Telegram NCCT Cambodia