Published on 28 Oct, 2020
ភោជនីយដ្ឋានទន្លេបាសាក់ ២-រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ.ជ.ប.ជ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី "សេវាការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស" ដោយមានកិច្ចសហការជាអង្គការសម្ព័ន្ធចាប់ដៃកម្ពុជា។ សិក្ខាសាលានេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឧត្តមសេនីយ៍ឯកវេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ លោកស្រី ចាវ លីសា(Jiay Liza) នាយិការអង្គការសម្ព័ន្ធចាប់ដៃ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋានរដ្ឋបាល-សរុប ប្រធានក្រុមជំនួយកិច្ចការ គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្តគោលដៅ សៀមរាប បាត់ដំបង បន្ទាយមានជ័យ តំណាងមកពីក្រសួង ស្ថាប័ន អង្គការដៃគូរជាតិ-អន្តរជាតិ។
សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណង ពង្រឹងតួនាទីនៃក្រុមការងារការពារជនរងគ្រោះ ដើម្បីលើកកម្ពស់ការផ្តល់សេវាជនរងគ្រោះឲមានប្រសិទ្ធភាព។ លើកកម្ពស់ការស្វែងយល់អំពីគោលនយោបាយ និងបទដ្ឋានគតិយុត្តិនានាដែលគាំទ្រការអនុវត្តតួនាទីភារកិច្ចក្នុងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សរបស់ក្រសួងស្ថាប័ន និងដៃគូរពាក់ព័ន្ធ ។ ស្វែងយល់អំពីបទពិសោធន៍ល្អ និងភាពប្រឈម និងកំណត់រកដំណោះស្រាយ ។ថ្លែងក្នុងអង្គសិក្ខាសាលាលោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាវិធានការប្រតិបត្តិការ ឲមានប្រសិទ្ធ ភាពក្នុងការការពារជនរងគ្រោះ គឺទិន្នន័យជាមូលដ្ឋានច្បាស់លាស់ ដែលដាក់បញ្ចូលក្នុងរបាយការណ៍ថ្នាក់ជាតិ ដែលបានមកពីការបូកសរុបលទ្ធផលពីក្រសួងជំនាញនីមួយៗ។ លោកជំទាវបានបន្ត បើសិនការប្រមូលទិន្នន័យមានភាពមិនច្បាស់លាស់ នោះការកំណត់សញ្ញាណជនរងគ្រោះ និងការផ្តល់សេវាគាំទ្រ នឹងមិនអាចប្រសិទ្ធភាពបានឡើយ ដែលបញ្ហានេះទាមទារឲមានយន្តការរួមមួយក្នុងការអនុវត្ត ទាំងរាជរដ្ឋាភិបាល និងអង្គការដៃគូរអភិវឌ្ឍ។ លោកជំទាវ បានសំណូមពរ ឲអាជ្ញាធរតាមខេត្តជាប់ព្រំដែនត្រូវពង្រឹងការគ្រប់គ្រង លំហូរប្រជាពលរដ្ឋចេញចូលតាមច្រកអន្តរជាតិ ពិសេសច្រករបៀងតាមតំបន់ដាច់ស្រយាលពីប្រជុំជន៕