កិច្ចប្រជុំជាន់ខ្ពស់រវាងក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំកម្ពុជាស្តីពីកម្មវិធីរួមគ្នាដើម្បីគាំទ្រជនទេសន្តរប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ និងផលប៉ះពាល់

BY SOM SIVWIN

Published on 16 Jul, 2020

ទីស្តីការក្រសួងមហាផ្ទៃ  ៖ ព្រឹកថ្ងៃពុធ ១០រោច  ខែអាសាឍ  ឆ្នាំជូត  ទោស័ក ព.ស២៥៦៤  ត្រូវនឹងថ្ងៃទី១៥  ខែ កក្កដា  ឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកកិច្ចប្រជុំជាន់ខ្ពស់រវាងក្រសួងស្ថាប័នពាក់ព័ន្ធ   នៃរាជរដ្ឋាភិបាល  និងអង្គការសហប្រជាជាតិប្រចាំកម្ពុជាស្តីពី កម្មវិធីរួមគ្នាដើម្បីគាំទ្រជនទេសន្តរប្រវេសន៍  ដែលវិល ត្រឡប់ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ និងផលប៉ះពាល់។ កិច្ចប្រជុំនេះប្រព្រឹត្តិឡើងក្រោមអធិបតីភាដ៌ខ្ពង់ខ្ពស់សម្តេច  ក្រឡាហោម   ស   ខេង  ឧបនាយករដ្ឋមន្ត្រី   រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  និងជាប្រធានគ.ជ.ប.ជ និងមានឯកឧត្តម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតំណាងមកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធមានក្រសួងមហាផ្ទៃ ក្រសួងការងារ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច ក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អភិបាលនៃគណៈអភិបាលខេត្តគោលដៅ មានបាត់ដំបង បន្ទាយមានជ័យ សៀមរាប    និង អង្គការដៃគូអភិវឌ្ឍន៍ មានUNFPA IOM WHO  ក្នុងព្រះរាជាណាច្រកម្ពុជា ។

ថ្លែងនៅក្នុងកិច្ចប្រជុំសម្ដេចក្រឡាហោម បានមានប្រសាសន៍ថាកិច្ចប្រជុំនេះបានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោកកំពុងជួបវិបត្តិសង្គម និងសេដ្ឋកិច្ច បង្កឡើងដោយជំងឺ កូវីដ១៩ ហើយថាដើម្បីប្រយុទ្ធ និងដោះស្រាយផលប៉ះពាល់បណ្ដលមកពីវិបត្តិនេះ រាជរដ្ឋាភិបាល បានបង្កើតយន្តការ និងដាក់ចេញវិធានការជាបន្តបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃនេះរាជរដ្ឋាភិបាលបានបន្តកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីរួមគ្នាជួយពលរដ្ឋជាជនទេសន្តរប្រវេសន៍ក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩។សម្ដេចបានមានប្រសាសន៍សន្និដ្ឋានថាមកដល់ពេលនេះប្រទេសកម្ពុជាអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានល្អប្រសើរ ដោយបានធ្វើឱ្យផលិតកម្មកសិកម្មងើបឡើងវិញ និងសកម្មភាពសេដ្ឋកិច្ចនានាមានសកម្មភាពឡើងវិញ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ឈរលើមូលដ្ឋានអនាម័យ និងវិធានការការពារការរីករាលដាលជំងឺកូវីដ១៩គ្រប់ទីកន្លែង។ សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានអនុម័តគម្រោងថវិកាចំនួន១លានដុល្លារអាមេរិក ដើម្បីអនុវត្តកម្មវិធីរួមគ្នាមួយរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ក្នុងគោលបំណងជួយការពារពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ និងការពារការចម្លងជំងឺដល់សហគមន៍ ៕

 

 

 



Official Telegram NCCT Cambodia

រក្សាសិទ្ធគ្រប់យ៉ាង© ២០១៧

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស




Page generated in 0.0099 seconds, with 6 database query and 6 memcache.