ពិធីចុះផ្សព្វផ្សាយអំពីវិធានការថ្មីៗ ការបង្ការទប់ស្កាត់ ជម្ងឺកូវីដ១៩ និងចែកជូននូវឯកសណ្ឋានប្រជាការពារប្រមាណ១៦០កំប្លេរ និងសម្ភារៈមួយចំនួនមានដូចជាអង្ករ ថ្នាំដុសធ្មេញ ទឹកខ្ពុលមាត់ សាប៊ូ ក្រម៉ា អាល់កុល ខិតប័ណ្ណអប់រំការពារសុខភាព ដល់ប្រជាពលរដ្ឋចាស់ជរា ប្រជាការពារ ក្នុងក្រុងកំពង់ឆ្នាំង

BY SOM SIVWIN

Published on 21 Apr, 2020

(ក្រុងកំពង់ឆ្នាំង)៖ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ក្រុមការងារថ្នាក់ជាតិចុះជួយក្រុងកំពង់ឆ្នាំងដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ តាមដានត្រួតពិនិត្យ ការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណ និងភូមិឃុំមានសុវត្ថិភាព រួមនិងក្រុមការងារ ថ្នាក់ដឹកនាំពីអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ លោកស្រីអភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អភិបាលក្រុង តំណាងមន្ទីរពាក់ព័ន្ធ មន្រ្តីរដ្ឋបាលរបស់ក្រុងកំពង់ឆ្នាំង ចៅសង្កាត់/ចៅសង្កាត់រងទាំង៤ របស់ក្រុង បានចុះផ្សព្វផ្សាយអំពីវិធានការថ្មីៗ ការបង្ការទប់ស្កាត់ ជម្ងឺកូវីដ១៩ និងចែកជូននូវឯកសណ្ឋានប្រជាការពារប្រមាណ១៦០កំប្លេរ និងសម្ភារៈមួយចំនួនមានដូចជាអង្ករ ថ្នាំដុសធ្មេញ ទឹកខ្ពុលមាត់ សាប៊ូ ក្រម៉ា អាល់កុល ខិតប័ណ្ណអប់រំការពារសុខភាព ដល់ប្រជាពលរដ្ឋចាស់ជរា ប្រជាការពារ ក្នុងក្រុងកំពង់ឆ្នាំង សរុបចំនួន២២៤នាក់។ ថ្លែងនៅក្នុងអង្គពិធី លោកជំទាវរដ្ឋលេខាធិការ បានជំរុញអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវសហការយកចិត្តទុកដាក់ ធ្វើការពិនិត្យ និងតាមដានសុខភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលករដែលទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេសឲ្យបានល្អ ដើម្បីធានាបាននូវការទប់ស្តាត់ ការឆ្លងជំងឺកូវីដ១៩ ពីខាងក្រៅមកចម្លងរាលដាលនៅក្នុងសហគមន៍ ។

លោកជំទាវបានថ្លែងអោយដឹងទៀតថា បញ្ហាជំងឺកូវីដនេះ បានបន្តរាលដាលនៅទូទាំងសាកលលោក ដែលបង្ករអោយមនុស្សស្លាប់ជាបន្តបន្ទាប់ផងដែរ។ ដោយឡែកនៅប្រទេសកម្ពុជាវិញជំងឺកូវិដ១៩នេះ ក៏នៅតែបន្តរកឃើញអ្នកឆ្លងមេរោគនេះជាបន្តបន្ទាប់ គួរអោយព្រួយបារម្ភដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈការធ្វើអនាម័យជាប្រចាំ គឺលាងសម្អាតដៃនិងសាប៊ូ ឬអាល់កុល និងហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ ក្រម៉ា និង មិនត្រូវនៅប្រមូលផ្តុំគ្នាច្រើននោះទេ ។លោកជំទាវ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវតែមានការយកចិត្តទុក ដាក់ត្រួតពិនិត្យសុខភាព និង ត្រៀមបំរុងទុកស្បៀងអាហារសម្រាប់ផ្តល់ជូនពលរដ្ឋនៅក្នុងដំណាក់កាល ប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ១៩នេះ ហើយបើប្រជាពលរដ្ឋណាមានការសង្ស័យនូវការឆ្លងជំងឺកូវីដ១៩ សូមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជូនទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យអោយទាន់ពេលវេលា ៕

 

 

 


   

Official Telegram NCCT Cambodia