កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យសម្រេច លើរបាយការណ៍ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
BY SOM SIVWINPublished on 07 Mar, 2025
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានដឹកកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យសម្រេច លើរបាយការណ៍ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមាន ឯកឧត្តម លោកជំទាវ តំណាងក្រុមការងារអន្តរក្រសួងទាំង៦ ដឹកនាំក្រុមបច្ចេកទេសចូលរួម ដែលរួមមាន៖ ១. ក្រុមការងារបង្ការទប់ស្កាត់ ដឹកនាំដោយ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួង អប់រំយុវជននិងកីឡា។ ២. ក្រុមការងារអនុវត្តន៍ច្បាប់ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង។ ៣. ក្រុមការងារយុត្តិធម៌ ដឹកនាំដោយ លោកជំទាវ សុន សុខាលីដា អគ្គនាយក នៃក្រសួងយុត្តិធម៌។ ៤. ក្រុមការងារជួយជនរងគ្រោះ ដឹកដោយ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។ ៥. ក្រុមការងារទេសន្តរប្រវេសន៍ ដឹកដោយ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ៦.ក្រុមការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយ លោកជំទាវ គង់ សំអូន អនិរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។ សមាសភាពមានវត្តមានក្នុងកិច្ចប្រជុំ ក៏មានលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និង ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ ព្រមទាំង លោកលោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋាន នាយ នាយរងការិយាល័យ មានចំនួនសរុប ៣២រូប (ស្រី ១២រូប) ។