លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការសហប្រតិបត្តិជាតិ អន្តរជាតិ បានអញ្ជើញចូលរួមសិក្ខាសាលា ក្រោមកម្មវិធីឧត្ដមភាពមេដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់អាស៊ាន (CTIP LEAP)
BY SOM SIVWINPublished on 15 Jan, 2025
ទីក្រុងបាងកក៖ ថ្ងៃទី១៤ ដល់ទី១៦ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការសហប្រតិបត្តិជាតិ អន្តរជាតិ បានអញ្ជើញចូលរួមសិក្ខាសាលា ក្រោមកម្មវិធីឧត្ដមភាពមេដឹកនាំប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សក្នុងតំបន់អាស៊ាន (CTIP LEAP) ដែលឧបត្ថម្ភដោយកម្មវិធីអាស៊ាន-អូស្រ្តាលី ប្រឆាំងការជួញដូរមនុស្ស (ASEAN-ACT) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ ។
សិក្ខាសាលាជាកម្មវិធីដំបូងសម្រាប់ឆ្នាំ២០២៥ ដែលជាគម្រោងរបស់ ASEAN ACT ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី មានគោលបំណង ផ្តល់ភាពអង់អាចដល់អ្នកដឹកនាំដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ក្នុងតំបន់អាស៊ាន ដោយជំរុញកិច្ចសហការ និងការផ្លាស់ប្ដូរបទពិសោធន៍ និងការអនុវត្តល្អក្នុងកិច្ចខិតខំការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នៅក្នុងតំបន់។ សិក្ខាកាមជាថ្នាក់ដឹកនាំ ត្រូវបានជ្រើសរើស ដើម្បីអាចចូលរួមក្នុងជំនាន់ដំបូងនៃកម្មវិធី #LEAP (Counter Trafficking in Persons Leadership Excellence in ASEAN Program) នេះបាន ដែលមានចំនួន ២០រូប មកពីប្រទេស កម្ពុជា ឡាវ ហ្វីលីពីន វៀតណាម ថៃ ។
កម្មវិធីនេះមានរយៈពេល១២ខែ ដែលមានទាំងការចូលរួមវគ្គដោយផ្ទាល់ និងពីចំងាយតាមរយៈប្រព័ន្ធអនឡាញ។ ការបណ្តុះបណ្ដាលដោយផ្ទាល់ជាលើកទី២ នឹងត្រូវធ្វើឡើងនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសវៀតណាម និងវគ្គកំពូលរបស់កម្មវិធីឧត្ដមភាពមេដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់អាស៊ាន (CTIP LEAP) គ្រោងនឹងធ្វើនៅចុងខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ៕