កម្មវិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីបែបបទនិងនីតិវិធីក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ខេត្តកោះកុង

BY SOM SIVWIN

Published on 29 Aug, 2024

ក្រុងខេមរភូមិន្ទ៖ នាថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពង់​ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី បែបបទនិងនីតិវិធីក្នុងការកំណត់អត្តសញ្ញាណ​ជនរងគ្រោះ​ដោយអំពើជួញដូរមនុស្ស​ ដើម្បីផ្តល់សេវាសមស្រប រៀបចំឡើងដោយ​អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្ស រយៈពេល២ថ្ងៃគិតចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តកោះកុង សហការឧបត្ថមដោយ​រដ្ឋបាលខេត្តកោះកុង និងអង្គការយុត្តិធម៌អន្តរជាតិ (IJM)។ សមាសភាពអមគណៈអធិបតីរួមមាន លោកជំទាវ មិថុនា បូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធាន គ.ខ.ប.ជ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត​ ប៉ុណ្ណ សំខាន់​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តកោះកុង ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការង ឧត្តមសេនីយ៍ទោ សេក ស៊ីវ៉េត ប្រធានក្រុមជំនួយកិច្ចការ​ទេសន្តរប្រវេសន៍ ឧត្តមសេនីយ៍ទោ គឹម ភាព អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ត្រី ពេជ្រ ស្រីពី ស្នងការរងនគរបាលខេត្តកោះកុង ឧត្តមសេនីយ៍ត្រី តាំង ស៊ុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកស្រី សុខ សុធារី ប្រធានមន្ទីរកិច្ចការនារី ខេត្តកោះកុង និងលោក James Kyronjee តំណាងអង្គការយុត្តិធម៌អន្តរជាតិ (IJM) ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថិភាព​មន្ត្រីនិងកងកម្លាំងជួរមុខ លើជំនាញកំណត់អត្តសញ្ញាណជនរងគ្រោះ​ដោយអំពើជួញដូរមនុស្ស ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព​ ក្នុងការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង បទលើ្មសជួញដូរមនុស្ស និងការផ្តល់សេវាជួយដល់ជនរងគ្រោះ។

សិក្ខាកាមដែលមានវត្តមានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះរួមមានមកពី អធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទ ​ស្រុកកោះកុង ស្រុកគីរីសាគរ ស្រុកថ្មបាំង ស្រុកមណ្ឌលសីមា ស្រុកបុទុមសាគរ ស្រុកស្រែអំបិល ស្រុកកំពង់សីលា នគរបាលវរការពារព្រំដែនគោកលេខ ៨២៧ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង នាយកដ្ឋានការពារព្រំដែនទឹក និងការិយាល័យប្រឆាំង​ការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថខេត្តកោះកុង សរុបចំនួន ៥០រូប (ស្រី១៤រូប)។

មានមតិសំណេះសំណាល​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា និន្នាការបទល្មើសជួញដូរមនុស្ស​ បាននឹងកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទៅរកភាពទំនើបជាងមុន និងកាន់តែស្មុគស្មាញជាងមុន ដែលមន្ត្រីកងកម្លាំងមានសមត្ថកិច្ច​ចាំបាច់ត្រូវ​អភិវឌ្ឍន៍ខ្លួន ដើម្បីតាមទាន់​ជនល្មើស​ ក្នុងសម័យឌីជីថលនេះផងដែរ។  កន្លងមក​យើងតែងតែទទួលបានរបាយការណ៍ជាច្រើនពីក្រសួងស្ថាប័នជំនាញ និងថ្នាក់ក្រោមជាតិ ប៉ុន្តែយើងពិនិត្យឃើញថាទិន្នន័យនៃបទល្មើសទាំងនោះ ពុំបានញែកឲ្យបានច្បាស់រវាងបទល្មើសទូទៅ និងបទល្មើស​ជួញដូរមនុស្ស ជាហេតុធ្វើឲ្យរូបភាពកម្ពុជា​មិនល្អ​នៅលើ​ឆាកអន្តរជាតិ។ ហេតុនេះការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស គឺជាយន្តការចាំបាច់និងសំខាន់បំផុត។

នៅទីបញ្ចប់ លោកជំទាវ បានធ្វើការផ្តាំផ្ញើ​ឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួម​ក្រេបយក​ចំណេះដឹង​ បង្កើនសមត្ថភាពខ្លួន ដើម្បីយកទៅ​អនុវត្តការងាររបស់ខ្លួនប្រកដោយ គុណភាព ប្រសិទ្ធភាព និងតម្លាភាព ៕

អត្ថបទ រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្រ្តបញ្ញា 

 

 


   

Official Telegram NCCT Cambodia