កម្មវិធីសិក្ខាសាលា ស្ដីពីការស្វែងយល់អំពីព្រះពុទ្ធសាសនា និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងសម័យបរិវត្តកម្មឌីជីថល នៅខេត្តកណ្តាល

BY SOM SIVWIN

Published on 25 Aug, 2024

ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានប្រារព្ធកម្មវិធីសិក្ខាសាលា ស្ដីពីការស្វែងយល់អំពីព្រះពុទ្ធសាសនា និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងសម័យបរិវត្តកម្មឌីជីថល ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពី សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្ដេចព្រះសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល លោកជំទាវ ឧត្តមសេនីយ៍ឯក អគ្គលេខាធិការ គ.ជ.ប.ជ ថ្នាក់ដឹកនាំ សាស្ត្រចារ្យ នៃសាកលវិទ្យាល័យ លោក លោកស្រី និងមន្រ្តី នៃសាលាស្រុកអង្គស្នួល ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន សមណសិស្ស និស្សិត សិស្សានុសិស្ស សរុបចំនួន៖ ១,៤០០ អង្គ/នាក់។ គោលបំណងនៃការប្រារព្វពិធីនេះគឺដើម្បី ផ្សព្វផ្សាយអប់រំពីបញ្ហា​កេងប្រវ័ញ្ច​ និងអំពើជួញដួរមនុស្ស ទៅដល់សិស្សនិស្សិត នៅតាមសាលារៀន ក្នុងខេត្តកណ្ដាល ដើម្បីឲ្យដឹងពីល្បិចកលផ្សេងៗរបស់ជនខិលខូច នាសម័យបរិវត្តកម្មឌីជីថលនេះ។

នៅក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គជបជ បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស ក្នុងសម័យបរិវត្តកម្មឌីជីថលនេះ មានច្រើនទម្រង់ និង​ពិបាក​ក្នុងការទប់ស្កាត់ ព្រោះជនល្មើសមានល្បិចកលឆ្លាតវៃក្នុងការប្រព្រឹត្តិ ឬ​ស្ទាត់ជំនាញ​ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអូសទាញជនរងគ្រោះ។ ទន្ទឹមនឹងការព្រួយបារម្ភពី អំពើជួញដូរ​មនុស្សនេះ ទើប គ.ជ.ប.ជ បានស្នើដល់អន្តរសាសនា វិស័យឯកជនចូលរួមប្រយុទ្ធប្រឆាំង ពិសេស​ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ​សូមជួយផ្សព្វផ្សាយអប់រំពីបញ្ហាអំពើជួញ​ដូរមនុស្សនេះ ​ឲ្យបានកាន់តែទូលំទូលាយ ​តាមរយៈក្នុងពេលនិមន្តទៅ​សម្ដែងព្រះធម៌ទេសនា តាមកន្លែងនានាជាដើម។ លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា សាសនានានាក្នុងប្រទេសកម្ពុជា ក្នុងបរិបទសង្គមប្រកបដោយសន្តិភាព ចូលរួមអនុវត្តសកម្មភាពដើម្បីសម្រេចគោលបំណងរួម គឺបង្ការទប់ស្កាត់សំដៅលុបបំបាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ក្នុងនាមជាគណៈមេបញ្ជាការខេត្តកណ្ដាល ​នឹងបន្តខិតខំ​ចូលរួម​ជាមួយ គ.ជ.ប.ជ ដើម្បីប្រយុទ្ធប្រឆាំង ​នូវបទល្មើសនេះ ​ហើយក៏សូមអំពាវនាវដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ចូលរួមទាំងអស់គ្នា កុំឲ្យកម្ពុជាយើង ​មានបទល្មើសជួញដូរមនុស្ស តាមរយៈការមិន​ប្រព្រឹត្តិការរាយការណ៍ និងការអប់រំជាដើម ៕ 

 

 

 


   

Official Telegram NCCT Cambodia