Published on 09 Jun, 2023
ភ្នំពេញ ៖ ក្រសួងការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារថ្មីៗនេះ ក្រសួងទទួលបានព័ត៌មានថា មានជនខិលខូចមួយចំនួនបានធ្វើសកម្មភាពផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីប្រជាពលរដ្ឋ ដោយអះអាងថា អាចបញ្ជូនទៅធ្វើការនៅប្រទេសអូស្ត្រាលីបាន។ ក្រសួងការងារបានបញ្ជាក់ថា មកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីពុំមានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីឡើយ។ ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយអំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅប្រទេសអូស្ត្រាលី ។