សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថា ជា​ចំណាប់អារម្មណ៍កោតសរសើរ និងការផ្តល់នូវការ​គាំទ្រយ៉ាងពេញទំហឹងដល់សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់គណៈកម្មាធិការជាតិ ក្រោមការដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឲ្យទទួលខុសត្រូវលើការងារនេះ ដោយធានាឲ្យមានកិច្ចសហការគ្នារវាងក្រសួង ស្ថាប័ន ដៃគូជាតិ និងអន្តរជាតិ និងផ្នែកឯកជន​ ដើម្បីអនុវត្តសកម្មភាពព្រមៗគ្នា ឆ្ពោះទៅកាន់គោលដៅរួមតែមួយ គឺ ‍​​‍‍‍​«លុបបំបាត់អំពើជួញដូរមនុស្ស គ្រប់រូបភាព» ។

            សម្តេចទទួលស្គាល់ថា​ នេះជាមធ្យោបាយតែមួយគត់ ដែលអាចទប់ស្កាត់ បង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើពាក់ព័ន្ធ ជួយសង្គ្រោះ ការពារជនរងគ្រោះឲ្យរួចផុតពីអំពើកេងប្រវ័ញ្ច និងទណ្ឌកម្មរបៀបជាទាសភាព នៃអំពើជួញដូរមនុស្ស និង​ផ្តន្ទា​ទោសឧក្រិដ្ឋជនជួញដូរមនុស្សប្រកបដោយប្រសិទ្ធបាន ។ ក្នុងន័យនេះ ក្រសួងស្ថាប័នពាក់ព័ន្ធចាំបាច់ត្រូវពិភាក្សា រាយការណ៍ និងរួមគ្នាពិនិត្យដោះស្រាយបញ្ហារួម និងបញ្ហាតាមមុខសញ្ញានីមួយៗឲ្យជ្រះស្រឡះ ដោយមិនត្រូវបណ្តែត​បណ្តោយឲ្យបញ្ហាក្លាយជាដំបៅមហារីក ដែលពិបាកព្យាបាលនោះទេ ។

            សម្តេចតេជោ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា «ភាពព្រងើយកន្តើយ ធ្វសប្រហែស ក្នុងការដោះស្រាយបញ្ហា និងការបង្កការលំបាកដល់ប្រជាពលរដ្ឋ គឺផ្តល់ឱកាស ឲ្យជនល្មើសអាចទាញយកផលចំណេញក្នុង​ការអូសទាញ​ប្រជា​ពលរដ្ឋ​​ឲ្យធ្លាក់ចូលទៅក្នុងសំណាញ់ជនល្មើសជួញដូរមនុស្ស និងកេងប្រវ័ញ្ជលើ​ប្រជាពលរដ្ឋ និងប្រទេសជាតិ ដោយមិនដឹង​ខ្លួន» ។

            សម្តេចនាយករដ្ឋមន្ត្រីបាន «ព្រមានចំពោះមន្ត្រីរាជរដ្ឋាភិបាលទាំងឡាយ ដែលបាននឹងកំពុងសាងបញ្ហា ឃុបឃឹត និងសហការទាញយកផលប្រយោជន៍ជាមួយជនល្មើសជួញដូរមនុស្ស និងអំពើពាក់ព័ន្ធទាំងឡាយ ត្រូវឆាប់ដកខ្លួនជា​បន្ទាន់ ។ ក្នុងករណីដែលរកឃើញថា បានប្រព្រឹត្ត ឬ បានឃុបឃឹតជាមួយជនល្មើសដើម្បីទាញយកផលប្រយោជន៍ដោយ​ស្រប​ច្បាប់ ពីអំពើជួញដូរមនុស្ស មន្ត្រីនោះ នឹងត្រូវបានផ្តន្ទាទោសតាមច្បាប់ មិនលើកលែងឡើយ ។»