កិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃ ស្តីពី «ការគ្រប់គ្រងលំហូរពលករទេសន្តប្រវេសន៍ ឆ្លងកាត់ព្រំដែន» ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤

BY SOM SIVWIN

Published on 15 Feb, 2024

កិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនថៃស្តីពី ការគ្រប់គ្រងលំហូរពលករទេសន្តប្រវេសន៍ ឆ្លងកាត់ព្រំដែន

ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំពិភាក្សា ស្តីពី «ការគ្រប់គ្រងលំហូរពលករទេសន្តប្រវេសន៍ ឆ្លងកាត់ព្រំដែន» ត្រូវបានប្រារព្ធធ្វើឡើង នាថ្ងៃព្រហស្បតិ៍ ប្រាំមួយកើត ខែមាឃ ឆ្នាំថោះ ព.ស.ពីរពាន់ប្រាំរយហុកសិបប្រាំពីរ ត្រូវនឹងថ្ងៃទីដប់ប្រាំ ខែកុម្ភៈ ឆ្នាំពីរពាន់ម្ភៃបួន វេលាម៉ោងប្រាំបីនាទីព្រឹក នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ  ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អនុប្រធាន សមាជិក នៃគ.ជ.ប.ជ និងគណៈកម្មាធិការចំពោះកិច្ចដោះស្រាយបញ្ហាពលករតាមព្រំដែន និងអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគ.ខ.ប.ជ បណ្តាខេត្តជាប់ព្រំដែនថៃ ចំនួន០៧ រួមមាន៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាវិជ្ជាជីវៈ ឯកឧត្តម សៀក​ សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ថោង សំអាត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ  ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិសាត់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម គឹម សុវណ្ណា ស្ថានអគ្គកុងស៊ុលរបស់​ប្រទេសកម្ពុជា ប្រចាំខេត្តស្រះកែវ ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលនគរបាលជាតិ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម  ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង អភិបាលរងខេត្តជាប់ព្រំដែនថៃ លោកប្រធានលេខាធិការដ្ឋាន ប្រធានក្រុមការងារទាំង៦ នៃ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ស្នងការ  នៃស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែនទាំង៧ ប្រធានវរៈនគរបាលការពារព្រំដែនគោក ប្រធាន អនុប្រធានច្រកទ្វារព្រំដែន ប្រធានប៉ុស្តិ៍អន្តោប្រវេសន៍ អស់លោក លោកស្រីប្រធាន និងតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អភិបាល អភិបាលរងស្រុក នៃខេត្តជាប់ព្រំដែន និងមន្រ្តីពាក់ព័ន្ធមួយចំនួន សរុប ចំនួន១៩៥រូប ស្រី ២៥រូប ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ មានមតិស្វាគមន៍ចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់ជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ។ លោកជំទាវ បានលើកឡើងអំពីស្ថានភាពទូទៅ អំពីសកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋាន គជបជ និងកិច្ចការងារពាក់ព័ន្ធ និងការធ្វើចំណាកស្រុក និងវិលត្រលប់របស់ពលករទេសន្តរប្រវេសន៍ នៅតាមច្រកអន្តរជាតិ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ។ លោកជំទាវ  មានប្រសាសន៍បន្ថែមថា យើងបើកកិច្ចប្រជុំពិភាក្សាថ្ងៃនេះក្នុងគោលបំណង រួមគ្នារិះរកឲ្យឃើញនូវគន្លឹះដោះស្រាយ ដើម្បីទប់ស្កាត់ជាមុននូវបញ្ហាប្រឈមនឹងការអូសទាញពលករឲ្យទៅធ្វើការងារក្នុងប្រទេសថៃដោយខុសច្បាប់ ដែលជារលកថ្មីនៃអំពើជួញដូរមនុស្ស ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ បានមានប្រសាសន៍ថា កិច្ចប្រជុំនាព្រឹកនេះពិតជាមានសារៈសំខាន់ណាស់  ក្នុងនាមថ្នាក់ដឹកនាំ គ.ជ.ប.ជ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងមន្រ្តីទាំងអស់ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលកន្លងមកបានធ្វើការយ៉ាងសកម្មតាមតួនាទីភារកិច្ចដែលបានប្រគល់ជូន ប្រកបដោយភាពទទួលខុសត្រូវ ក៏ដូចជាដើម្បីបង្កើនការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ជាពលរដ្ឋ ជាពិសេសពាក់ព័ន្ធសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលទទួលភាពរងគ្រោះដោយឆ្លងដែនខុសច្បាប់ និងដោយអំពើផ្សេងៗ។ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ស្នើឲ្យមានការលើកឡើងអំពីភាពជាក់ស្ដែង ច្បាស់លាស់ បញ្ហាប្រឈម និងដំណោះស្រាយនៅតាមមូលដ្ឋាន និងវិធានការក្នុងការឆ្លើយតបសមស្របក្នុងការកសាងប្រព័ន្ធការងារមួយដែលរឹងមាំ បទពិសោធន៍ល្អ សម្រាប់ធ្វើការទប់ស្កាត់នូវអំពើជួញដូរមនុស្ស ដែលជាបទល្មើសមិនអាចលើកបាន ក្នុងគោលដៅកសាងផែនការមួយច្បាស់លាស់ ដើម្បីកាត់បន្ថយជាអតិបរមានូវអំពើជួញដូរ ឬអំពើរត់ពន្ធមនុស្ស ក៏ដូចជាការចូលមកកម្ពុជា ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ និងផ្តាំផ្ញើក្នុងកិច្ចប្រជុំនេះថា  ១.គ.ជ.ប.ជ ត្រូវបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមគ្នា ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការគ្រប់គ្រងលំហូរចេញ-ចូលរបស់ពលករទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែន គឺមានសារៈសំខាន់ ២. តាមដាន ត្រួតពិនិត្យសភាពការ និងវិធានការ ពង្រឹងកិច្ចសហការជាមួយបណ្ដាខេត្តនានា ជាពិសេសខេត្តដែលមានព្រំដែនជាប់ប្រទេសជិតខាង ដែលបានជំរុញឲ្យមានការទំនាក់ទំនងក្នុងគោលដៅផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ និងមានវិធានការផ្សេងៗកុំឲ្យមានការឆ្លងដែន និងអំពើខុសច្បាប់ដទៃទៀតមកកម្ពុជា ៣. ត្រួតពិនិត្យចំណុចខ្វះខាត ចំណុចល្អដែលបានអនុវត្តកន្លងមក តើត្រូវរក្សាទុកអ្វីខ្លះ ឬពង្រឹងអ្វីខ្លះបន្ថែម និងត្រូវមានគោលដៅទទួលខុសត្រូវក្នុងគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការការពារប្រជាពលរដ្ឋ និងពលករកម្ពុជា ជាពិសេសខេត្តជាប់ព្រំដែន ៕

 


   

Official Telegram NCCT Cambodia