លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងកម្មវិធីសិក្ខាសាលា ស្តីពីវិធានការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្តប់ទម្រង់ និងទេសន្តរប្រវេសន៍
BY SOM SIVWINPublished on 27 May, 2026
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ. ជ.ប.ជ បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងកម្មវិធីសិក្ខាសាលា ស្តីពីវិធានការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្តប់ទម្រង់ និងទេសន្តរប្រវេសន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលរៀបចំឡើងនៅទីស្តីការក្រសួងព័ត៌មាន អមដោយវត្តមាន ឯកឧត្តមឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង គ.ជ.ប.ជ ។ នៅក្នុងកម្មវិធីនៃសិក្ខាសាលានេះក៏មានវត្តមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខា អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយរង នៃក្រសួងព័ត៌មាន លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ ចំណុះក្រសួងព័ត៌មាន ព្រមទាំងលោក លោកស្រី អ្នកសារព័ត៌មានជាតិជាច្រើនរូប ។
លោកជំទាវ ជូ ប៊ុនអេង បានធ្វើបទបង្ហាញស្តីពី «វិធានការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងទេសន្តរប្រវេសន៍» ព្រមទាំងជម្រាបជូនពីរបាយការណ៍សង្ខេប ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦។ តាមរយៈសិក្ខាសាលានេះ ភាគីពាក់ព័ន្ធរំពឹងថា នឹងរួមចំណែកពង្រឹងការយល់ដឹងរបស់សាធារណជន និងជំរុញការចូលរួមរបស់អ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយសារអប់រំ និងព័ត៌មានត្រឹមត្រូវ ដើម្បីរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកសិក្ខាសាលានាឱកាសនេះមានសារៈសំខាន់បង្កើនការយល់ដឹងអំពីរូបភាពថ្មីនៃអំពើជួញដូរមនុស្ស និងកេងប្រវ័ញ្ច ហើយជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មានពាក់ព័ន្ធក្នុងការបង្ការចូលរួមទប់ស្កាត់ការជួញដូរមនុស្ស និងជួយសង្គ្រោះដល់ជនរងគ្រោះ ។ ជាមួយមួយនេះក៏ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សហគមន៍ក្នុងការរាយការណ៍ ការការពារ ក៏ដូចជាផ្តល់ការគាំទ្រដល់ជនរងគ្រោះផងដែរ។ អ្វីដែលសំខាន់ក្នុងសិក្ខាសាលាគឺជំរុញការផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការបោកប្រាស់ ឬក៏ការជ្រើសរើសការងារក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ។
លោក ហ៊ឹម សុទិត្យា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ក្រសួងព័ត៌មាន បានថ្លែងថា សិក្ខាសាលាគឺមានសារៈសំខាន់ក្នុងការកសាងនូវ ចលករ និងជាអ្នកនាំសារល្អៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមគ្រប់ទម្រង់ និងការយល់ដឹងពីបញ្ហាទេសន្តរប្រវេសន៍ ៕







