ក្រសួងមហាផ្ទៃ៖ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំពិភាក្សាការងាររបាយការណ៏សង្ខេបឆ្លើយតបទៅ និងអនុសាសន៌របស់ក្រសួងការបរទេសអាមេរិក

BY SOM SIVWIN

Published on 16 Nov, 2023

ក្រសួងមហាផ្ទៃ៖ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំពិភាក្សាការងាររបាយការណ៏សង្ខេបឆ្លើយតបទៅ និងអនុសាសន៌របស់ក្រសួងការបរទេសអាមេរិក

នៅរសៀលពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវកិត្តិបណ្ឌិត អឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងនាមអនុប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងជាប្រធានក្រុមការងារ សហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានដឹកនាំក្រុមការងារជំនាញអន្តរក្រសួង ស្ថាប័នដែលជា សមាជិកនៃគ.ជ.ប.ជ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ស្តីពីការងាររបាយការណ៏សង្ខេបឆ្លើយតបទៅ និងអនុសាសន៌របស់ក្រសួងការបរទេសអាមេរិក ។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តសកម្មភាពប្រយុទ្ធ ប្រឆាំងអំពើ ជួញដូរមនុស្សនៅកម្ពុជា នឹងការអនុវត្តអនុសាសន៍របស់សហរដ្ឋ អាមេរិកដែលបានដាក់ជូនមករាជរដ្ឋាភិបាលកម្ពុជា នៅទីស្តីការ ក្រសួងមហាផ្ទៃ។ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកស្រី លោក តំណាង គ.ជ.ប.ជ ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធានាគារជាតិ នៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ 

លោកជំទាវ អ៉ឹង កន្ថាផាវី បានថ្លែងថា កម្ពុជា នៅមិនទាន់អាចជម្នះបានទាំងស្រុងនៅឡើយទេលើឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលមាននៅក្នុងបណ្តាញសង្គមងងឹតយ៉ាងទូលំទូលាយ ដែលព្យាយាម ប្រើប្រាស់គ្រប់ឧបាយកល និងមធ្យោបាយបច្ចេកវិទ្យាទំនើបដ៏សម្បូរបែប ដែលបាន និងកំពុងពង្រីកខ្លួននៅទូទាំងតំបន់ និងក្នុងពិភពលោក ហើយក៏មិនទាន់មានប្រទេសណាមួយ ដែលបានបោសសម្អាតឧក្រិដ្ឋកម្មនេះ បានជោគជ័យទាំងស្រុងនៅឡើយដែរ។ លោកជំទាវ បានបន្តថា ជនល្មើសបានប្រើល្បិចកលទាក់ទាញមនុស្សនៅគ្រប់ទីកន្លែង ដែលកំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមជាសាកល បណ្តាលមកពីកូវីដ១៩ គ្រោះធម្មជាតិ និងសង្គ្រាម វិនាសកម្ម ដែលកាន់តែស្មុគ្រស្មាញទៅ ឲ្យចូលក្នុងអន្ទាក់នៃការឆបោកគ្រប់រូបភាព។ បញ្ហានេះបានជះឥទ្ធិពលដល់ បណ្តាប្រទេស តូចធំទាំងឡាយ ហើយកម្ពុជាក៏ជាប្រទេសរងគ្រោះយ៉ាងធ្ងន់ធ្ងរផងដែរ។ បញ្ហាជួញដូរជាបញ្ហាដែលប្រទេសទាំងអស់ត្រូវរួមគ្នាទទួលខុសត្រូវដោះស្រាយ ទោះបីជាបទល្មើសមួយចំនួន ជាមធ្យោបាយថ្មី បង្កឡើងដោយឧក្រិដ្ឋជនក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងរិះរកវិធានការ ដើម្បីបើកប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេះយ៉ាងសកម្ម ដោយបើកទូលាយឲ្យមានបណ្តាញរាយការណ៍ទាន់ហេតុការណ៍ និងបើកប្រតិបត្តិការបានរហូតដល់ទៅជាង ១០៦៧ករណី ក្នុងរយៈពេលតែមួយឆ្នាំ ដើម្បីរុករក និងបំផ្លាញបណ្ដាញឧក្រិដ្ឋជន និងសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេលវេលា បើទោះបីជាករណីទាំងនោះ មិនមែនជាករណីជួញដូរមនុស្ស ឬមានការផ្ដល់ព័ត៌មានមិនពិតក៏ដោយ ។ 

លោកជំទាវ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងបានអំពាវនាវដល់បណ្តា ប្រទេសដែលមានជាប់ពាក់ព័ន្ធ ទាំងជនល្មើស ទាំងជនរងគ្រោះ ឲ្យរួមសហការជាមួយកម្ពុជា ដើម្បីលុបបំបាត់អំពើជួញដូរមនុស្ស និងដោះស្រាយបញ្ហារួមគ្នា ឲ្យបានល្អប្រសើរ ព្រោះនេះជាបញ្ហារួម មិនមែនជាបញ្ហាដោយឡែក តែកម្ពុជានោះទេ។ កន្លងមក រហូតដល់បច្ចុប្បន្ន ប្រជាជនកម្ពុជា ត្រូវបានទទួលរងនឹងការកេងប្រវ័ញ្ច ក្នុងអំឡុងពេលនៃទេសន្តរប្រវេសន៍ ដូចជា ការងារដោយបង្ខំនិងកេងប្រវ័ញ្ចតាមទូកនេសាទ ការងារ តាមផ្ទះ ការកេងប្រវ័ញ្ចតាមរូបភាពអាពាហ៍ពិពាហ៍នៅក្រៅប្រទេស ជាដើម តែកម្ពុជាបានខិតខំរួមសហការ ដើម្បីដោះស្រាយបញ្ហា បើទោះបីជាការដោះស្រាយនោះនៅមិនទាន់បានលទ្ធ ផលល្អប្រសើរក៏ដោយ ។ «ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក្តីក៏រាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់ឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឡើយហើយថែមទាំងចាត់ទុកថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាអាទិភាពមួយក្នុងចំណោម អាទិភាពទាំងឡាយ ក្នុងរបៀបវារៈនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជារដ្ឋាភិបាលកម្ពុជា»។ លោកជំទាវ បន្ថែមថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) គឺជាយន្តការជាតិ អន្តរក្រសួង-អន្តរស្ថាប័ន ដែលមានតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការដឹកនាំ សម្របសម្រួល និងស្វែងរកការចូលរួមសហការ ការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ នៅថ្នាក់ជាតិ និងអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងពង្រីកទំនាក់ទំនងសហការជាមួយតំបន់ និងពិភពលោក ក្នុងគោលបំណងពិនិត្យតាមដានភាពប្រែប្រួលនៃបទល្មើសជួញដូរមនុស្ស និងចូលរួមសហការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឲ្យបានជោគជ័យ ៕

 

 

 

 


   

Official Telegram NCCT Cambodia