កិច្ចប្រជុំកិច្ចពិភាក្សាតុមូល ស្ដីពីតួនាទីនៃបច្ចេកវិទ្យា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការរត់ពន្ធជនចំណាកស្រុក នៅទីក្រុងម៉ានីល

BY SOM SIVWIN

Published on 27 Oct, 2023

កិច្ចប្រជុំកិច្ចពិភាក្សាតុមូល ស្ដីពី តួនាទីនៃបច្ចេកវិទ្យា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និង ការរត់ពន្ធជនចំណាកស្រុក នៅទីក្រុងម៉ានីល

ទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន៖ ថ្ងៃទី២៤ ដល់២៥ ខែតុលា ឆ្នាំ២០២៣ លោកជំទាវឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការ សហប្រតិបត្តិការជាតិ អន្តរជាតិ អមដំណើរដោយ លោកវរសេនីយ៍ទោ ឆន ដារ៉ារិទ្ធ នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គជបជ បានអញ្ជើញចូលរួមកិច្ចប្រជុំកិច្ចពិភាក្សាតុមូល ស្ដីពីតួនាទីនៃបច្ចេកវិទ្យា ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និង ការរត់ពន្ធជនចំណាកស្រុក ដែលរៀបចំឡើងនៅសណ្ឋាគារ Sofitel Philippine Plaza Manila នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលបានរៀបចំ ​​​ដោយស្ថាប័ន Regional Support Office (RSO) សហការជាមួយ Inter-Agency Council Against Trafficking (IACAT) ក្រោមជំនួយឧបត្ថម្ភរបស់ IOM។ កិច្ចប្រជុំទាំងពីថ្ងៃនេះ បានផ្ដោតសំខាន់ទៅលើចំនុចមួយចំនួនរួមមាន ៖

(១)យុទ្ធសាស្រ្ត និងការអនុវត្តល្អបំផុតក្នុងការកំណត់បទល្មើសជួញដូរមនុស្ស និងការកេងប្រវ័ញ្ច តាមប្រព័ន្ធអនឡាញ

(២) ការចែករំលែក បទពិសោធន៍បច្ចេកទេស និងមុខងារសំខាន់ៗមួយចំនួន របស់ភាគីពាក់ព័ន្ធ ដែលជាតំណាងមកស្ថាប័នផ្សេងៗ ក្នុងតំបន់

(៣) ស្វែងយល់ពីតួនាទី គុណសម្បត្តិ និងគុណវិបត្តិរបស់បច្ចេកវិទ្យា AI ក្នុងយុគសម័យថ្មី ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងរត់ពន្ធមនុស្ស

(៤) បច្ចេកវិទ្យា Mobile Apps សម្រាប់ជំនួយគាំទ្រ និងផ្ដល់នូវសេវាកម្មផ្សេងៗ ពិសេសទាក់ ទងនឹងការសង្គ្រោះ

(៥) ការចូលរួមធ្វើបទបង្ហាញទាក់ទងពីបញ្ហាប្រឈម ដំណោះស្រាយផ្លូវច្បាប់ ផ្សេងៗពីបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ រួមមាន (កម្ពុជា, ម៉ាឡេស៊ី, ហ្វីលីពីន, ឥណ្ឌូណេស៊ី និងថៃឡង់ដ៍)

(៦) ការធ្វើបទបង្ហាញពីដៃគូពាក់ព័ន្ធក្នុងតំបន់ អំពីរបកគំហើញ បញ្ហាប្រឈម ដំណោះស្រាយ និងករណីត្រូវសិក្សាមួយចំនួន

(៧) បែងចែកកិច្ចពិភាក្សាជាក្រុមតាមប្រទេសជាប់ព្រំដែន ដើម្បីសិក្សាពីករណីផ្សេងៗ ដែលជាធាតុចូលសម្រាប់ផ្ដល់កិច្ចសហការការទិសដៅរួមគ្នាក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការរត់ពន្ធមនុស្ស ។

 

លោកជំទាវ អគ្គលេខាធិការរង តំណាងប្រតិភូកម្ពុជាក៏បានធ្វើបទបង្ហាញ និងបញ្ជាក់អំពីតួលេខតាមរបាយការណ៍របស់ក្រុមជំនាញ គ្រប់គ្រងករណីរបស់អាជ្ញាធរកម្ពុជា ដែលជាប់សង្ស័យ ធ្វើការខុសច្បាប់នៅប្រទេសកម្ពុជា ទៅដល់ថ្នាក់តំបន់ឱ្យបានដឹង និងបានលើកឡើងពី កិច្ចសហការគ្នារវាងភាគី ក្នុងតំបន់ ជាក់ស្ដែងករណីកម្ពុជាបានជួយសង្គ្រោះ ជនជាតិហ្វីលីពីន ដែលត្រូវបានគេឆបោកឱ្យ មកធ្វើការខុសច្បាប់នៅប្រទេសកម្ពុជានាពេលថ្មីៗនេះ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងប្រតិភូកម្ពុជាចំនួន៣រូប ពីអគ្គលេខាធិការដ្ឋាន គជបជ ចំនួន២រូប និង១រូប ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលដឹកនាំដោយលោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង និង បណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអគេ្នយ៍ អង្គការដៃគូអន្តរជាតិពាក់ព័ន្ធមួយចំនួន ដែលមានវត្តមានចូលរួមចំនួន ៦០រូប ៕

អត្ថបទ&រូបភាព៖ លោកវរសេនីយ៍ទោ ឆន ដារ៉ារិទ្ធ 

 


   

Official Telegram NCCT Cambodia