សិក្ខាសាលាស្តីពី តួនាទី នៃវិស័យវប្បធម៌ ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលរៀបចំឡើងដោយក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

BY SOM SIVWIN

Published on 30 Nov, 2023

សិក្ខាសាលាស្តីពី តួនាទី នៃវិស័យវប្បធម៌ ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលរៀបចំឡើងដោយក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៖ នារសៀលថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្តីពី តួនាទី នៃវិស័យវប្បធម៌ ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលរៀបចំឡើងដោយក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាព លោកជំទាវ ឡងឌី សាន់ណារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នៅក្នុងពិធីនោះផងដែរ ក៏មានវត្តមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងលោក ឧត្តមសេនីយ៍ទោ ហាង ជីវ័ន្ដ ប្រធានលេខាធិការដ្ឋានរដ្ឋបាលសរុប នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចូលរួមផងដែរ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងពីការបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស និងបង្កើតស្នាដៃថ្មីៗ លើផ្នែកសិល្បៈ ដើម្បីជួយផ្សព្វផ្សាយ ក្នុងការលុបបំបាត់ការជួញដូរមនុស្សគ្រប់រូបភាព រួមចំណែកក្នុងការចូលរួមរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គម។ យោងតាមរបាយការណ៍ កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្កើតក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្ម លើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ តាមសេចក្តីសម្រេចលេខ ៥១ ស.ស.រ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ និងផែនការសកម្មភាពរយៈពេល៥ឆ្នាំ (២០១៩-២០២៣)។ សកម្មភាពចំបងៗដែលក្រុមការងារបានធ្វើ គឺ ១.ការងារបញ្ជ្រាបការយល់ដឹង អប់រំ ផ្សព្វផ្សាយខ្លឹមសារច្បាប់ រូបភាព ទម្រង់ និងសកម្មភាព នៃការជួញដូរមនុស្ស ដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ប្រជាពលរដ្ឋ យុវជន សិល្បៈករ សិល្បៈការិនី បុគ្គលិកបម្រើការងារតាមហាង ភោជនីយដ្ឋាន ខារ៉ាអូខេ សិស្ស និសិ្សត និងអ្នកពាក់ព័ន្ធ សរុបចំនួន ៦១ ៣១៥នាក់ (ស្រី ៣០ ៨៣៧ នាក់)។ ២. ការងារផលិតសម្ភារៈ និងសារអប់រំផ្សព្វផ្សាយ នៅក្នុង ផលិតផលខ្សែភាពយន្ត ចម្រៀងកាយវិការ និងចម្រៀងខារ៉ាអូខេ បានសរុប ២៥១ ៧១៦ ៧៧៧ ផលិតផល (CD, VCD, DVD) និង៦៣រឿង (ចាក់បញ្ចាំងបាន ១៨៩ លើក ដោយ១២៥ក្រុមហ៊ុន និង១០៣ ផលិតកម្ម)។ ៣. ការផលិតល្ខោនអប់រំ ដើម្បីចូលរួមក្នុង ទិវាជាតិប្រឆាំងការជួញដូរមនុស្ស មានដូចជា រឿង "សន្យាខ្យល់" និង "កំហុសអ្នកណា" ៕


   

Official Telegram NCCT Cambodia