កម្មវិធីចុះអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ ការជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបានធ្វើបទបង្ហាញផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលផ្សេងៗ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ

BY SOM SIVWIN

Published on 31 Aug, 2023

គ.ខ.ប.ជ ខេត្តព្រះវិហារ ៖ លោកជំទាវ ប៉ាង រាវី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍នៃគ.ខ.ប.ជ ខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីចុះអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ ការជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទនិងបានធ្វើបទបង្ហាញផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាល ផ្សេងៗ នៅសាលប្រជុំសាលា ស្រុកសង្គមថ្មី ។ មានការអញ្ជើញចូលរួម ពីក្រុមការងារលេខាធិការដ្ឋាន គ.ខ.ប.ជ​ខេត្ត និងអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាស្រុក ឃុំ និងប្រជាពលរដ្ឋ ជាច្រើនរូប ។

លោកជំទាវអភិបាលរងខេត្ត បានប្រសាសន៍ក្នុងអង្គពិធីថា កម្មវិធីក្នុងថ្ងៃនេះពិតជាមានសារៈសំខាន់ ក្នុងការទទួលបាននូវចំណេះដឹងពាក់ព័ន្ធទៅនឹងការអប់រំផ្សព្វផ្សាយ ស្តីអំពីការទប់ស្កាត់ ការជួញដូរមនុស្ស ព្រមទាំងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងការធ្វើបទបង្ហាញផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងទៅនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។ អាស្រ័យហេតុនេះ លោកជំទាវ អភិបាលរង បានសំនូមពរទៅកាន់ប្រជាពលរដ្ឋ អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម ក្នុងកម្មវិធី យកចិត្តទុកដាក់ស្តាប់ និងចាប់យកនៅខ្លឹមសារនៃការប្រជុំ ផ្សព្វផ្សាយ នៅពេលនេះ ដើម្បីទទួល បាននូវចំណេះដឹង បទពិសោធន៍ល្អៗ យកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងបន្តផ្សព្វផ្សាយ ទៅដល់ក្រុមគ្រួសារ សាច់ញាត្តិ ជាបន្តឲ្យបានទូលំទូលាយ ដើម្បីឲ្យពួកគាត់ ទទួលបាននូវពត៌មាន ចំណេះដឹង និងជៀសផុត ពីការរងគ្រោះដោយអំពើជួញដូរមនុស្ស អំពើហឹង្សាក្នុងគ្រួសារ និងការជួញដូរ ផ្លូវភេទជាដើម ។ ព្រមទាំងបានយល់ដឹង អំពីការស្វែងរកដំណោះ ស្រាយខាងផ្លូវច្បាប់ នៅពេលដែលបងប្អូនបានជួបប្រទះបញ្ហាផ្សេងៗ ដែលពិបាកដោះស្រាយ ។ លោកជំទាវបានគូសបញ្ជាក់ បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតនៅវគ្គបណ្តុះបណ្តាលខ្លីៗ ដើម្បីផ្តល់ឱកាសការងារនៅក្នុងស្រុកដែលបងប្អូនរស់នៅ អាចរកប្រាក់ចំនូលបាន ដោយកាត់បន្ថយបានការធ្វើចំណាកស្រុក ស្វែងរកការងារក្រៅប្រទេស ដែលងាយប្រឈមការចាញ់បោកមេខ្យល់ និងអាចធ្លាក់ចូលក្នុងអំពើជួញដូរមនុស្សទៀតផង ៕  

ប្រភពពី៖ លេខាធិការដ្ឋានគ.ខ.ប.ជ ព្រះវិហារ

 

 


   

Official Telegram NCCT Cambodia