ទស្សនកិច្ចមជ្ឈមណ្ឌលអូស្ត្រាលីប្រឆាំងការកេងប្រវ័ញ្ចកុមារ-Australian Center for Counter Child Exploitation (ACCCE) នៅទីក្រុងប្រ៊ីសបេន ប្រទេសអូស្ត្រាលី

BY SOM SIVWIN

Published on 28 Jun, 2023

ទស្សនកិច្ចមជ្ឈមណ្ឌលអូស្ត្រាលីប្រឆាំងការកេងប្រវ័ញ្ចកុមារ-Australian Center for Counter Child Exploitation (ACCCE) 

ទីក្រុងប្រ៊ីសបេន ប្រទេសអូស្ត្រាលី៖ នារសៀលថ្ងៃសុក្រ ៦កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ អមដំណើរដោយលោកស្រីវរសេនីយ៍ឯក ថោង សុវត្តី អនុប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលអូស្ត្រាលីប្រឆាំងការកេងប្រវ័ញ្ចកុមារ-Australian Center for Counter Child Exploitation (ACCCE) ។ មជ្ឈមណ្ឌលអូស្ត្រាលីប្រឆាំងការកេងប្រវ័ញ្ចការ (ACCCE) ប្រតិបត្តិការដោយ នគរបាលសហព័ន្ធអូស្ត្រាលី (AFP) ជាស្ថាប័នថ្នាក់ជាតិមួយ ធ្វើការងារផ្តោតលើការប្រឆាំងរាល់ទម្រង់នៃការកេងប្រវ័ញ្ចកុមារ តាមរយៈការត្រៀមផែនការ បង្ការ ការពារ និងគាំទ្រស្ថាប័នមានសមត្ថកិច្ចក្នុងការអនុវត្តសកម្មភាពបញ្ឈប់ និងផ្តន្ទាទោសបទល្មើសកេងប្រវ័ញ្ចកុមារ និងសង្គ្រោះជនរងគ្រោះពីគ្រោះថ្នាក់ ។

ការអញ្ជើញមន្ត្រីជាន់ខ្ពស់ពីស្ថាប័នរដ្ឋាភិបាល នៃប្រទេសក្នុងតំបន់អាស៊ាន និងអាស៊ី រួមមាន ប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងនេប៉ាល់ ចូលរួមក្នុងការធ្វើទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ និងបណ្តាញដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងវិធីសាស្ត្រសម្រាប់ការអនុវត្ត ។ មន្ត្រីជាន់ខ្ពស់ ពីស្ថាប័ននគរបាល និងតុលាការ ពី ប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងនេប៉ាល់ ចំនួន០៨រូប បានធ្វើទស្សនកិច្ចទីតាំងមជ្ឈមណ្ឌល ACCCE ដែលមានឧបករណ៍ស្រាវជ្រាវ តាមដាន ពាក់ព័ន្ធករណីកេងប្រវ័ញ្ចលើកុមារបំពាក់ជាមួយបច្ចេកវិទ្យាពត៌មានខ្ពស់ និងគ្រប់គ្រងដោយអ្នកជំនាញចម្រុះផ្នែក ក៏ស្តាប់នូវបទបង្ហាញអំពីដំណើរការសំខាន់ និងការអនុវត្តល្អរបស់មជ្ឈមណ្ឌល ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ល្អៗ ក្នុងការងារកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការស្រាវជ្រាវបទល្មើសពាក់ព័ន្ធការកេងប្រវ័ញ្ចកុមារ ការការពារ និងសង្គ្រោះជនរងគ្រោះ របស់ប្រទេសរៀងខ្លួន។ 

 


   

Official Telegram NCCT Cambodia