សិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់របាយការណ៍ការសិក្សាវិភាគពីស្ថានភាពការកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា

BY SOM SIVWIN

Published on 20 Jun, 2023

សិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់របាយការណ៍ការសិក្សាវិភាគពីស្ថានភាពការកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា

ភោជនីយដ្ឋានទន្លេបាសាក់២៖ នារសៀលថ្ងៃអង្គារ ៣កើត បឋមសាឍ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានសហការជាមួយអង្គការ ដែនដីមនុស្សហូល្លង់ (Terre des Hommes ) បើកនៅអង្គសិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់របាយការណ៍ការសិក្សាវិភាគពីស្ថានភាពការកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍​ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង តំណាងលោកជំទាវ​ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ លោកជំទាវ  ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រសួងប្រែសណីយ៍ និង​ទូរគមនាគមន៍ លោកគង់ វីឡា ប្រធានសម្របសម្រួលអង្គការ ដែនដីមនុស្សហូល្លង់ (Terre Des Hommes) ជាគណៈអធិបតីក្នុងពិធី។ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ​ ជាអគ្គលេខាធិការរង អនុប្រធានក្រុមជំនួយកិច្ចការ អនុប្រធានលេខាធិការដ្ឋាន នៃអគ្គ គ.ជ.ប.ជ អគ្គនាយករងក្រសួងទេសចរណ៍ ក្រុមប្រឹក្សាជាតិដើម្បីកុមារ ក្រសួងការងារបណ្តុះបណ្តាលវីជ្ជាជីវៈ  អនុប្រធាននាយកដ្ឋានក្រសួងអប់រំរាជធានី ស្នងការរង នៃស្នងការដ្ឋានរាជធានីភ្នំពេញ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រះស៊ីហនុ ប្រធានមន្ទីរសង្គមកិច្ចព្រះស៊ីហនុ អនុប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ  អនុប្រធានមន្ទីរសេដ្ឋកិច្ចខេត្តបាត់ដំបង តំណាងពីអង្គការដៃគូរអភិវឌ្ឍន៍ មាន World Version, IOM, Save the children, Plan international, APLE, Hagar, LSCW, Chab Dai, UNICEF សរុបចំនួន៥៦នាក់ ស្រី២៦នាក់ ។ ក្នុងអង្គសិក្ខាសាលានោះផងដែរ លោក John Vijghen និងលោក អោក អាំរី អ្នកស្រាវជ្រាវ ឯករាជ្យ ក៏បានធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាវិភាគ ពីស្ថានភាពការកេងប្រវ័ញ្ចលើកកុមារនៅកម្ពុជា តាមប្រព័ន្ធអនឡាញ ។

គោលបំណងរួមនៃការស្រាវជ្រាវនេះគឺដើម្បីវាយតម្លៃ និងបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃការកេងប្រវ័ញ្ចកុមារនៅកម្ពុជា។ ការសិក្សានេះផងដែរ គឺផ្តោតទៅលើការកេងប្រវ័ញ្ចកុមារ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ពលកម្មកុមារ ការជួញដូរកុមារ ការធ្វើចំណាកស្រុករបស់កុមារ និងកុមារដែលត្រូវឪពុកម្តាយទុកចោលនៅពេលពួកគេចំណាកស្រុក។ អង្គការដែនដីមនុស្សហូល្លង់ TdH NL បានឲ្យនិយមន័យការកេងប្រវ័ញ្ចកុមារថា ឯកត្តបុគ្គល ក្រុម ឬអង្គការដែលឆក់ឱកាសកេងប្រវ័ញ្ចអតុល្យភាពនៃអំណាច ដើម្បីឲ្យកុមារចូលរួមក្នុងសកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់សុខុមាលភាព និងការអភិវឌ្ឍដល់កុមារ ។ បុគ្្គលជនល្មើ់ស ឬភាគីទី៣ អ្នកទទួលបានផលប្រយោជន៍មួយចំនួនពីសកម្មភាពទាំងនោះ។

របាយការណ៍ស្រាវជ្រាវនេះ គឺផ្អែកលើការសិក្សាពិនិត្យនៅមូលដ្ឋាន ក្នុងទីក្រុងនិងខេត្តចំនួន៦ មានខេត្តព្រះស៊ីហនុ បន្ទាយមានជ័យ(ប៉ោយប៉ែត) សៀមរាប បាត់ដំបង ឧត្តរមានជ័យ ពោធិសាត់ និងរាជធានីភ្នំពេញ ដែលបានជ្រើសរើសបន្ទាប់ពីការសិក្សាដ៏ម៉ត់ចត់លើឯកសាេដែលមានស្រាប់។ របាយការណ៍នេះមានគោលបំណងពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្នរបស់កុមារ និងហានិភ័យរបស់ពួកគេក្នុងការក្លាយជាជនរងគ្រោះនៃធ្វើដំណើរ និងទេសចរ ឬក្លាយជាពលករកុមារ ឬត្រូវបានទុកចោល នៅពេលដែលឪពុកម្តាយរបស់ពួកគេធ្វើចំណាកស្រុក ទៅរកការងារធ្វើ ។ ការស្រាវជ្រាវនេះផងដែរ គឺដើម្បីកំណត់គម្លាតក្នុងការដោះស្រាយការកេងប្រវ័ញ្ចលើកុមារដែលកំពុងកើតមានក្នុងទម្រង់ដែលបានរៀបរាប់ខាងលើនៅក្នុងប្រទេសកម្ពុជាដែលផ្តោតជាពិសេសលើការកំណត់មធ្យោបាយដែលអាចបិទគម្លាតទាំងនេះបាន ៕

អញ្ជើញមានមតិចាប់អារម្មណ៍ ក្នុងអង្គសិក្ខាសាលា ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គលេខាធិការរង បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាកេងប្រវ័ញ្ច និងការរំលោភបំពានលើកុមារ។ ក្នុងការដោះស្រាយបញ្ហាកេងប្រវ័ញ្ច និងការរំលោភបំពានលើកុមារនាពេលកន្លងមក រាជរដ្ឋាភិបាលបានបង្កើតផែនការសកម្មភាពជាតិជាច្រើនដើម្បីកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់អាក្រក់បំផុតនៃពលកម្មកុមារជាដើម។ ឯកឧត្តមបានគូសបញ្ជាក់ ភាគីរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានសន្យាថា ពួកគេនឹងខិតខំចាប់ដៃគ្នាបន្ថែមទៀត ដើម្បីដោះស្រាយ និងការពារកុមារឲ្យរួចផុតពីការរំលោភបំពាន ខណៈភាគីទាំងពីរបានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមរយៈទេសចរណ៍បានធ្លាក់ចុះ ប៉ុន្តែភាគីពាក់ព័ន្ធនៅបារម្ភចំពោះការកេងប្រវ័ញ្ច និងរំលោភបំពានតាម រយៈប្រព័ន្ធអនឡាញ ។

 

 

មានមតិចាប់អារម្មណ៍ និងស្វាគមន៍ក្នុងពិធី លោកស្រី ប៊ូស្រា ហ្ស៊ុលហ្វីកា នាយិកាប្រចាំតំបន់អាស៉ីនៅអង្គការ Terre des Hommes បានលើកឡើងថា បញ្ហាកេងប្រវ័ញ្ចតាមរូបភាពនានាចំពោះកុមារនៅកម្ពុជាបានធ្លាក់ចុះ។ លោកស្រី បានបន្តថា ទោះធ្លាក់ចុះក៏ពិតមែន ប៉ុន្តែវានៅតែមានការព្រួយបាម្ភនៅឡើយ ដូច្នេះទាមទារឲ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាដោះស្រាយបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការរំលោភបំពានចំពោះកុមារ ដែលជាជនរងគ្រោះ ៕


   

Official Telegram NCCT Cambodia