ចុះត្រួតពិនិត្យវឌ្ឍនភាពការងាររបស់មណ្ឌលសំចត និងការប្រមូលទិន្នន័យតាមបែបព័ត៌មានវិទ្យារបស់មណ្ឌលនៃក្រុមការងារចម្រុះទទួលពលករបញ្ជូនត្រលប់ ប្រចាំនូវក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

BY HAKLIENG

Published on 04 Mar, 2019

នាថ្ងៃចន្ទ ១៣រោច ខែមាឃ សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានដឹកនាំថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន រួមនឹងក្រុមការងារព័ត៌មានវិទ្យារបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវជាអគ្គលេខាធិការរង បានចុះត្រួតពិនិត្យវឌ្ឍនភាពការងាររបស់មណ្ឌលសំចត និងប្រមូលទិន្នន័យតាមបែបព័ត៌មានវិទ្យារបស់មណ្ឌល នៃក្រុមការងារចម្រុះទទួលពលករបញ្ជូនត្រលប់ ប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអាជ្ញាធរក្រុងប៉ោយប៉ែត នគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរអគ្គស្នងការ និងការិយាល័យស្នងការខេត្ត នគរបាលនៃការិយាល័យអន្តោប្រវេសន៍ តំណាងពីក្រសួងសង្គមកិច្ច ក្រសួងការងារ មន្រ្តីមណ្ឌលសំចតក្រុងប៉ោយប៉ែត តំណាងអង្គការដៃគូ ។

នាឱកាសនោះផងដែរ ថ្នាក់ដឹកនាំបានជួបសំណេះសំណាលដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន និងបានផ្តល់អនុសាសន៍ ពាក់ព័ន្ធនឹងការងារទទួល បែបបទការគ្រប់គ្រង និងផ្តល់សេវាជូនពលករ ដល់ក្រុមការងាចម្រុះដែលកំពុងជួបប្រទះ និងបានប្រគល់នូវសម្ភារៈបច្ចេកទេសការិយាល័យពីខាងអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ដែលបម្រើឲ្យការងារគ្រប់គ្រងនិងប្រមូលទិន្នន័យពលករជូនដល់មណ្ឌល នៃក្រុមការងារចម្រុះនេះ ដែលតំណាងដោយលោកស្រីអភិបាលរង និងមន្រ្តីរាជការប្រចាំក្រុងប៉ោយប៉ែត សម្រាប់បំពេញការងារនេះផងដែរ ៕


   

Official Telegram NCCT Cambodia