វិធានការ៦ចំនុច
របស់សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ
ដែលបានដាក់ចុះនៅក្នុងកម្មវិធីសិក្ខាសាលា ស្តីពីការពង្រឹងសកម្មភាពដឹកនាំនៅថ្នាក់ក្រោមជាតិ និងការរៀបចំយុទ្ធសាស្រ្ត បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ដោយការផ្លាស់ប្តូរឥរិយាបទក្នុងការប្រាស្រ័យទាក់ទង
កាលពីថ្ងៃទី២៩-៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥
១. គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់លំដាប់ថ្នាក់ គប្បីពង្រឹងការដឹកនាំ សម្របសម្រួល ប្រមូលផ្ដុំកម្លាំងនិងបញ្ជាឲ្យបានហ្មត់ចត់ ដើម្បីឲ្យមន្ទីរ អង្គភាពជំនាញទាំងឡាយ មានសកម្មភាពតាមមុខសញ្ញារៀងៗខ្លួន និងត្រូវធ្វើរបាយការណ៍ឲ្យបានទៀងទាត់ វាយតម្លៃលើ សភាពការណ៍ទូទៅ សភាពការណ៍បទល្មើស និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ព្រមទាំងឆ្លុះបញ្ជាំងចំនុចសេសសល់ ភាពប្រឈមនានាឲ្យបានច្បាស់លាស់ និងលើកទិសដៅកែលម្អ។
២. ធ្វើផែនការអនុវត្តឲ្យបានច្បាស់លាស់ ដោយត្រូវគ្រោងថវិកា សម្ភារៈ មធ្យោបាយឲ្យបានគ្រប់គ្រាន់ក្នុងការអនុវត្តភារកិច្ចទៅតាមផែនការ និងតាមជំនាញរបស់អង្គភាព ស្ថាប័នរៀងៗខ្លួន ដោយពង្រឹងកិច្ចសហការ ការចូលរួម គាំទ្រគ្នាទៅវិញទៅមក និងពីដៃគូដែលកំពុងធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៣. ពង្រឹងរបៀបរបបការងារ និងរៀបចំកិច្ចប្រជុំឲ្យបានទៀងទាត់ ដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងបញ្ហា និងភាពប្រឈមដែលកើតមាន។
៤. ពង្រឹងការតាមដាន ត្រួតពិនិត្យឲ្យបានជាប្រចាំ ដើម្បីប្រសិទ្ធភាពការងារ។
៥. សហការជាមួយអគ្គលេខាធិការដ្ឋាន បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្តីអនុវត្តន៍ ដោយបង្កលក្ខណៈ ផ្ដល់ការគាំទ្រ និងលើកទឹកចិត្ត ដើម្បីឲ្យបំពេញភារកិច្ចបានល្អប្រសើរ។
៦. អគ្គលេខាធិការដ្ឋានត្រូវបន្តសម្របសម្រួល ប្រមូលផ្ដុំ តាមដានសភាពការណ៍ និងតាមដានត្រួតពិនិត្យការងារតាមបណ្ដាថ្នាក់នៃរចនាសម្ព័ន្ធបន្តទៀត ដោយធ្វើរបាយការណ៍ជូនគណៈកម្មាធិការជាតិ និងរាជរដ្ឋាភិបាល ឲ្យទាន់ពេលវេលា និងស្នើឡើងនូវវិធានការនានា តាមការចាំបាច់។