អំពី​​យើង


គ.ជ.ប.ជ  ជាយន្តការជាតិតែមួយ ដែលទទួលខុសត្រូវជម្រុញការអនុវត្តច្បាប់ គោលនយោបាយជាតិ និងអន្តរជាតិ ផែនការ គោលនយោបាយរាជរដ្ឋាភិបាល ដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងធ្វើការតាមដាន ត្រួតពិនិត្យ វាយតម្លៃយ៉ាងល្អិតក្អន់ លើស្ថានភាព លទ្ធផល និងភាពប្រឈមទាំងឡាយក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់រូបភាពដែលកើតមានឡើងនៅក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា។

មុននឹងមាន គ.ជ.ប.ជ  សព្វថ្ងៃ ប្រទេសកម្ពុជាមាន ‌"គណៈកម្មាធិការជាតិដឹកនាំការបង្រ្កាបអំពើជួញដូរមនុស្ស ការរត់ពន្ធ ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទក្នុងប្រទេសកម្ពុជា (ប.ជ.រ.ព.ភ)" ដោយអនុក្រឹត្យលេខ ១៦២ អនក្រ/បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៩ ដែលដឹកនាំដោយ ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងមានរដ្ឋមន្រ្តីក្រសួងមួយចំនួន និងថ្នាក់ដឹកនាំតំណាងក្រសួងចំនួន១៤ជាសមាជិក។

នៅក្នុងឆ្នាំ២០១៤ គណៈកម្មាធិការជាតិ (ប.ជ.រ.ព.ភ) បានរៀបចំទៅជាគណៈកម្មាធិការជាតិ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៤/៨០៨ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ "ស្ដីពីការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស" ហៅកាត់ថា គ.ជ.ប.ជ  និងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១៤៥ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ "ស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិប្រយទ្ធប្រឆាំងអំពើជួញដូរមនុស្ស" (គ.ជ.ប.ជ) និងអនុក្រឹត្យលេខ ២៧៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ "ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)"។

 

ចក្ខុវិស័យរបស់យើង


«ព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពេញលេញ មានសមភាព និងការអភិវឌ្ឍប្រកបដោយចីរភាព គ្មានអំពើជួញដូរ កេងប្រវ័ញ្ច និងការធ្វើអាជីវកម្មលើមនុស្ស ។»
គុណតម្លៃស្នូលនៃផែនការសកម្មភាព៖
១. ភាពជាម្ចាស់របស់រាជរដ្ឋាភិបាលលើការដឹកនាំសកម្មភាពរបស់រាជរដ្ឋាភិបាល
២. គោរពគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន
៣. កម្មវិធីផ្អែកលើគោលការណ៍យេនឌ័រជាមូលដ្ឋាន
៤. មានការចូលរួមយ៉ាងសកម្មពីសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ
៥. សមាហរណកម្មជាពហុវិស័យ
៦. ការតាមដានត្រួតពិនិត្យ វាយតម្លៃជាប្រព័ន្ធ និងនិរន្តរ៍ភាព ។
គោលដៅរួម៖
រួមបញ្ចូលរាល់កិច្ចខិតខំប្រឹងប្រែងគ្រប់ផ្នែក គ្រប់វិស័យពាក់ព័ន្ធ ដើម្បីដោះស្រាយ និងលុបបំបាត់ រាល់ទៅទម្រង់នៃអំពើជួញដូរមនុស្ស រួមទាំងការធ្វើអាជីវកម្មលើកម្លាំងពលកម្មមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងទៅលើប្រជាជនកម្ពុជាដែលនៅទីណាក៏ដោយ ។


គោលបំណង


    លើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការទប់ស្កាត់បទល្មើសជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចលើមនុស្សគ្រប់​រូបភាព ការជួយជនរងគ្រោះ ការអនុវត្តច្បាប់ ការផ្តន្ទាទោសជនល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ​ប្រកបដោយភាពយុត្តិធម៌ ។  

 យុទ្ធសាស្រ្តទាំង០៤៖

យុទ្ធសាស្រ្តទី១. ពង្រឹងការអនុវត្តច្បាប់ គោលនយោបាយ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ

យុទ្ធសាស្រ្តទី២. លើកកម្ពស់ការបង្ការ ទប់ស្កាត់

យុទ្ធសាស្រ្តទី៣. ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឲ្យឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស

យុទ្ធសាស្រ្តទី៤. ការពារជនរងគ្រោះគ្រប់ភេទ និងគ្រប់វ័យ ព្រមទាំងផ្តល់សេវាគាំទ្រសមស្របប្រកបដោយគុណភាព ។​